សន្ដិសុខសង្គម

សាលាដំបូងសម្រេចឃុំខ្លួនយុវជនម្នាក់ពីបទកាន់កាំបិតថតបង្ហោះលើហ្វេសប៊ុក

ដោយ៖ កំចាយ

កំពត÷ តុលាការខេត្តកំពត កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នចំពោះជនត្រូវចោទម្នាក់បន្ទាប់ពីសមត្ថកិច្ចតាមឃាត់ខ្លួន និងកសាងសំណុំរឿងរួចរាល់ ហើយប្រគល់ជូន។

ដីការបស់សាលាដំបូងខេត្តកំពតចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ មានខ្លឹមសារថា៖ ភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈត្រូវនាំជនត្រូវចោទឈ្មោះ សៅ វាយុ ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅ ភូមិអូរម្កាក់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពតដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។ ជននេះត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទកាន់កាប់អាវុធ(កាន់កាំបិត និងដាវបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តឡើងនៅភូមិអូរម្កាក់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៤។

សូមបញ្ជាក់ថា មុនពេលឃាត់ខ្លួន ជនត្រូវចោទខាងលើបានថតរូប រួមជាមួយគូកនផ្សេងទៀតដោយបង្ហាញនូវកាំបិតប៉័ងតោ កាំបិតផ្គាក់ និងដាវបង្ហោះតាមហ្វេសប៊ុកបែបទំនើងបំផុត។ តាមរយ:រូបភាពនោះ​លោកស្នងការនគរបាលខេត្តកំពតបានបញ្ជាដល់កម្លាំងចំណុះស្នងការដ្ឋានតាមស្រាវជ្រាវ រហូតកំណត់គោលដៅ និងឈានទៅឃាត់ខ្លួនបានម្នាក់នាំមកស្នងការដ្ឋាន រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់។ សមត្ថកិច្ចនឹងតាមស្វែងរកគូកនបន្តដើម្បីនាំខ្លួនមកទទួលទោសតាមច្បាប់៕