សន្ដិសុខសង្គម

ញ៉ែកូននិងប្អូនស្រីជនរងគ្រោះ រួចវាយឲ្យរបួសឪពុកនិងបងប្រុសគេទៀត, ឣាវុធហត្ថខេត្តបន្ទាយមានជ័យចាប់និងបញ្ជូនជនសង្ស័យ២នាក់

ដោយ : បន្ទាយ

បន្ទាយមានជ័យ :  ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងបានការសម្របសម្រួលនីតិវិធីពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការបានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ព្រមទាំងចាប់យកវត្ថុតាង ដែកចំពុះទុងកែច្នៃ ប្រវែង២៨សង់ទីម៉ែត្រចំនួន១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៤ថា: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះយឹម សំអៀង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះឈា ភក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាឪពុកនិងកូនបង្កើត ស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នាស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីករណីហិង្សាដោយចេតនាកាលពីវេលាម៉ោង៨ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមក បង្កដោយជនសង្ស័យឈ្មោះ ព្រីង សូណា(ស្នា) ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះ ហ៊ីម  ពន្លឺ (ប៉ក់) ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នា ។

ជនសង្ស័យបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះទាំងពីរនាក់ខាងលើ បណ្ដាលឱ្យររងរបួសធ្ងន់-ស្រាល និងបានយកកាំបិតចំពុះទង់គំរាមទៅលើជនរងគ្រោះ ។

ចំណែកជនរងគ្រោះឈ្មោះ ឈា ភក្ត្រា រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនចាស្មីន ក្រុងប៉ោយប៉ែត។

ក្រោយឃាត់ខ្លួនសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារឈ្លោះប្រកែកគ្នារឿងពួកខ្លួននិយាយលក្ខណៈលែបខាយ (ញ៉ែ) ជាមួយនឹងកូននិងប្អូនស្រីរបស់ជនរងគ្រោះ ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឱ្យដឹងថា :  ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយដើម្បីអនុវត្តតាមនីតិវិធី៕