កីឡា

ការផ្លាស់ប្តូរទៅកាន់ Amorim នឹងពិបាក នេះជាការលើកឡើងរបស់ Maguire

ប្រែសម្រួល៖តារា

ការផ្លាស់ប្តូរពី Erik ten Hag ទៅ Ruben Amorim នៅក្លិប Manchester United នឹងមិនងាយស្រួលនោះទេ ដោយសារតែរចនាបថរបស់គ្រូទាំងពីរមានភាពខុសគ្នាទាំងស្រុង ប៉ុន្តែក្រុមទាំងមូលមានជំនឿពេញលេញលើគ្រូបង្វឹកថ្មី នេះបើតាមការលើកឡើងរបស់ខ្សែការពារ Harry Maguire។

អតីតគ្រូបង្វឹកក្លិប Sporting វ័យ ៣៩ឆ្នាំរូបនេះ ដែលចូលចិត្តប្រើប្រាស់របៀបលេងដាក់ខ្សែការពារបីនាក់ បានដឹកនាំក្រុមឈ្នះ៤ប្រកួត ចាញ់៥ប្រកួត និងស្មើ១ប្រកួត ក្នុងចំណោម១០ប្រកួតដែលគាត់បានដឹកនាំក្រុមចាប់តាំងពីជំនួសតំណែង Ten Hag កាលពីខែវិច្ឆិកា។

Manchester United កំពុងជួបការលំបាកក្នុងការរកបានលទ្ធផលល្អក្នុងក្របខ័ណ្ឌ Premier League ដោយបច្ចុប្បន្នឈរនៅលេខ១៤ បន្ទាប់ពីចាញ់៤ប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយ។

“បញ្ហានៅត្រង់ថា គ្រូបង្វឹកទាំងពីរមានរបៀបលេងមិនដូចគ្នាទេ។ ពួកគេមានរចនាបថផ្ទុយគ្នាទាំងស្រុងទាក់ទងនឹងអ្វីដែលពួកគេចង់បាន និងអ្វីដែលពួកគេទាមទារពីក្រុម” នេះជាការអោយដឹងរបស់ Maguire ក្នុងបទសម្ភាសន៍ជាមួយ Sky Sports ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។

“ដូច្នេះ រយៈពេលនៃការផ្លាស់ប្តូរនេះនឹងពិបាក។ យើងទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំលើគ្រូបង្វឹក និងក្រុមគ្រូជំនួយទាំងអស់។ ខ្ញុំជឿជាក់ថាស្ថានការណ៍នឹងប្រែប្រួលទៅរកភាពល្អប្រសើរ។”

Manchester United ដែលទើបតែចាញ់ក្រុម Wolverhampton Wanderers ២-០ កាលពីថ្ងៃព្រហស្បតិ៍ នឹងត្រូវទទួលក្រុម Newcastle United នៅថ្ងៃច័ន្ទនេះ មុននឹងធ្វើដំណើរទៅជួបក្រុមនាំមុខតារាង Liverpool នៅថ្ងៃអាទិត្យ៕

ប្រភព៖ Reuters