ដោយ៖ គង់ហេង
កំពង់ចាម៖ អមដោយអ្នកឧកញ៉ា ហេង ឡុង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានបើកកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ ករណីទំនាស់ប្រជាពលរដ្ឋ ១២ គ្រួសារសុំបើកផ្លូវសាធារណៈ នៅភូមិអូរលើ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ គឺបានបទបញ្ចប់ក្រៅប្រព័ន្ធតុលាការ នៅក្នុងសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៣០ ធ្នូនេះ។
ក្នុងនោះទំនាស់ករណីខាងលើ មានភាគីអ្នកកាន់កាប់ដោយលោកស្រី លួន បូរី (ផ្លូវប្រឡាយត្រង់) លោកស្រី លឹម មុយជូ និងលោក ជីវ លីស្រួយ (ផ្លូវប្រឡាយបំបែក ឬប្រឡាយលោក) ត្រូវបានប្រជាពលរដ្ឋ ១២គ្រួសារ ធ្វើការប្តឹងមករដ្ឋបាលខេត្ត ហើយត្រូវបានប្រគល់ភារកិច្ចជូនឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត ដឹកនាំធ្វើការសិក្សាស្រាវជ្រាវ និងសម្រុះសម្រួល តែភាគីប្រជាពលរដ្ឋអ្នកកាន់កាប់ ពុំមានការស្រុះស្រួលគ្នាលើគោលការណ៍សម្រុះសម្រួលកន្លងមក រហូតធ្វើឲ្យករណីនេះ ត្រូវបានបន្តនីតិវិធីនៅសាលាដំបូង។ ប៉ុន្តែដោយមានសំណូមពរជាក់ស្តែង ឯកឧត្តមអភិបាលខេត្ត សម្រេចធ្វើការដឹកនាំ សម្រុះសម្រួលឡើងវិញ។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ ក្រោយពីបានស្តាប់ការសម្រុះសម្រួល និងនូវស្តាប់របាយការណ៍ពីមន្ត្រីពាក់ព័ន្ធ ពិសេសពី ឯកឧត្តម ស្រី សុភ័ក្ត្រ ដែលបានទទួលភារកិច្ចធ្វើការស្រាវជ្រាវ និងដឹកនាំសម្រុះសម្រួល ព្រមទាំងបានស្តាប់គោលជំហរ និងសំណូមពរ របស់ភាគីប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដីផ្លូវប្រឡាយរួចមក ឯកឧត្តមអភិបាលខេត្ត បានសម្រេច ធ្វើការបើកផ្លូវត្រង់ អនុលោមតាមប្លង់គោលបន្សល់ទុក ដើម្បីបម្រើប្រយោជន៍សាធារណៈចេញចូល ដឹកជញ្ជូនកសិផល និងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ជំនួសមកវិញបិទផ្លូវប្រឡាយបំបែក (ប្រឡាយលោក) ដោយផ្លូវដែលបិទនេះ ឱ្យប្រជាពលរដ្ឋអ្នកកាន់កាប់ ធ្វើការចរចាគ្នាអំពីការបែងចែក ឬសងសំណងជាថវិកាតែម្តង។
បន្ទាប់ពីស្តាប់ការសម្រេចខាងលើ និងស្តាប់ការពន្យល់ សម្រុះសម្រួលឈរលើគោលការណ៍ឈ្នះៗ ទាំងអស់គ្នា ភាគីប្រជាពលរដ្ឋអ្នកកាន់កាប់ដីផ្លូវប្រឡាយទាំងពីរខ្សែ បានសម្រេចទទួលយកគោលការណ៍ សម្រុះសម្រួលរបស់កឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ដោយព្រមព្រៀងគ្នាដូចខាងក្រោម ៖ ១-យល់ព្រមបើកផ្លូវទំហំ៦ម៉ែត្រ នៅលើដីផ្លូវលំនាំដើមត្រង់ (ដីខាងលោកស្រី ឈួន បូរី) ដោយអនុលោមតាមប្លង់គោលបន្សល់ទុកពីដើមមក។ ២-លោកស្រី លឹម មុយជូ និងលោក ជីវ លីស្រួយ យល់ព្រមកាត់ដីទំហំ ៣ម៉ែត្រក្បាលដីដើរ ជូន លោកស្រី លួន បូរី ហើយ ហើយដីនៅសល់ជាក់ស្តែង ទំហំ ៣,៨១ ម៉ែត្រក្បាលដីដើរ ឬទំហំជាក់ស្តែងតាមការវាស់វែងដោយមន្ត្រីជំនាញ នឹងលក់ជូនលោកស្រី លួន បូរី ក្នុងតម្លៃសមាមាត្រ ៣ម៉ែត្រក្បាលដីដើរ ២០.០០០ដុល្លារ (ឬ ៦.៦៦៦ដុល្លារក្នុង១ម៉ែត្រក្បាលដីដើរ)។ ដូច្នេះតម្លៃដីដែលនៅសល់សរុប គឺទូទាត់តាមការវាស់វែងជាក់ស្តែង ដោយមានកំណត់ហេតុត្រឹមត្រូវពីរដ្ឋបាលស្រុកស្ទឹងត្រង់និង ៣-រដ្ឋបាលស្រុកស្ទឹងត្រង់ ត្រូវដឹកនាំធ្វើការបើកផ្លូវតាមស្មារតីអង្គប្រជុំ ដូចក្នុងចំណុចទី១ ខាងលើ និងធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានដឹងអំពីការសម្រេចរបស់អាជ្ញាធរខេត្ត។ ជាមួយគ្នានោះ រដ្ឋបាលស្រុកស្ទឹងត្រង់ បន្តដឹកនាំវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋពាក់ព័ន្ធ៕