ប្រែសម្រួល៖ ស្រីស្រស់
មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងមូលដ្ឋានបានប្រាប់ CNN ថា យ៉ាងហោចណាស់មនុស្ស៤៧នាក់បានស្លាប់ក្នុងគ្រោះថ្នាក់យន្តហោះមួយគ្រឿងនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង។
បញ្ជាការដ្ឋានសេវាពន្លត់អគ្គិភ័យខេត្តជេជូឡាខាងត្បូងបានឱ្យដឹងថា ចំនួនអ្នកស្លាប់នេះអាចនឹងកើនឡើងនៅពេលប្រតិបត្តិការជួយសង្គ្រោះនៅបន្តទៀត។
យន្តហោះរបស់ក្រុមហ៊ុន Jeju Air ដែលដឹកអ្នកដំណើរ១៧៥នាក់ និងបុគ្គលិកយន្តហោះ៦នាក់ បានធ្លាក់នៅពេលចុះចតនៅព្រលានយន្តហោះស្រុកមូអាន ភ្លាមៗក្រោយម៉ោង៩ព្រឹកម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង៧ល្ងាចម៉ោង ET នៅថ្ងៃសៅរ៍)។
យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យ ក្រុមសង្គ្រោះបន្ទាន់បានឱ្យដឹងថាពួកគេបានជួយសង្គ្រោះមនុស្សពីរនាក់ចេញពីយន្តហោះ។
ក្រុមអ្នកសង្គ្រោះកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការជួយសង្គ្រោះមនុស្សដែលនៅក្នុងផ្នែកកន្ទុយយន្តហោះ។
មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យម្នាក់ដែលបាននិយាយជាមួយ CNN បានឱ្យដឹងថា យន្តហោះនោះត្រូវបាន “បំផ្លាញស្ទើរទាំងស្រុង” ដោយសារភ្លើងឆេះ។
រូបភាពនៃគ្រោះថ្នាក់ដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap បង្ហាញថា មានតែផ្នែកកន្ទុយយន្តហោះប៉ុណ្ណោះដែលនៅសល់ដោយមិនខូចខាត ហើយត្រូវបានព័ទ្ធជុំវិញដោយអណ្តាតភ្លើង។
យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យ គ្រោះថ្នាក់នេះបណ្តាលមកពីការខូចខាតនៃប្រព័ន្ធចុះចត៕