ប្រែសម្រួល៖ តារា
នៅទីបំផុតប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានសុំទោសចំពោះហេតុការណ៍ដែលយន្តហោះរបស់អាស៊ែបៃហ្សង់បានធ្លាក់ក្រោយពីចូលមកក្នុងលំហអាកាសរុស្ស៊ីនៅក្រុងក្រូស្នី ឆេឆេនញ៉ា កាលពីថ្ងៃពុធ ប៉ុន្តែមិនបាននិយាយថារុស្ស៊ីទទួលខុសត្រូវទេ។
ពូទីនបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីកំពុងដំណើរការនៅពេលយន្តហោះព្យាយាមចុះចតនៅក្រូស្នី យោងតាមក្រឹមឡាំង។ ដោយមិនអាចទៅដល់ព្រលានយន្តហោះ យន្តហោះនោះបានប្តូរទិសទៅខាងកើត ហើយទីបំផុតបានធ្លាក់នៅជិតក្រុងអាក់តៅ ប្រទេសកាហ្សាក់ស្ថាន ដែលបណ្តាលឱ្យអ្នកដំណើរ៣៨នាក់ស្លាប់។
អ្នកដំណើរមកពីប្រទេសអាស៊ែបៃហ្សង់ រុស្ស៊ី កាហ្សាក់ស្ថាន និងកៀហ្ស៊ីស្ថាន បាននៅលើយន្តហោះនោះ។ ក្នុងចំណោមអ្នករស់រានមានជីវិត មានកុមារពីរនាក់។
មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃឧប្បត្តិហេតុនេះនៅឡើយទេ ប៉ុន្តេមន្ត្រីអាមេរិកម្នាក់បានប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍ថា សញ្ញាដំបូងបង្ហាញថា ប្រព័ន្ធប្រឆាំងយន្តហោះរបស់រុស្ស៊ីអាចបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក ពូទីនមិនបាននិយាយថាការការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ត្រូវយន្តហោះទេ។
ពូទីនបាន “សុំទោសចំពោះហេតុការណ៍មហន្តរាយដែលបានកើតឡើងក្នុងលំហអាកាសរុស្ស៊ី” ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ អ៊ីលហាម អាលីយេវ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រឹមឡាំង។
ក្រឹមឡាំងបាននិយាយថា យន្តហោះនោះ “បានព្យាយាមចុះចតនៅព្រលានយន្តហោះក្នុងក្រុងក្រូស្នីជាច្រើនដង” ប៉ុន្តែក្នុងពេលជាមួយគ្នានោះ តំបន់ “ក្រូស្នី ម៉ូសដុក និងវ្លាឌីកាវកាស ត្រូវបានវាយប្រហារដោយដ្រូនចម្បាំងអ៊ុយក្រែន ហើយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានវាយបកការវាយប្រហារទាំងនេះ។”
គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានបើកសំណុំរឿងព្រហ្មទណ្ឌទាក់ទងនឹងគ្រោះមហន្តរាយនេះ យោងតាមសេចក្តីថ្លែងការណ៍នោះ។
វីដេអូ និងរូបភាពនៃយន្តហោះក្រោយពេលធ្លាក់បង្ហាញពីការខូចខាតលើតួយន្តហោះដែលមានលក្ខណៈស្រដៀងនឹងការខូចខាតពីគ្រាប់បែក ឬកម្ទេចកម្ទី។ មូលហេតុនៃប្រហោងទាំងនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
អ្នកវិភាគផ្នែកអាកាសចរណ៍របស់ CNN ម៉ៃល៍ អូប្រាយអិន បានពន្យល់កាលពីថ្ងៃព្រហស្បតិ៍ថា ការដែលលោហៈនៅជុំវិញប្រហោងត្រូវបានកោងចូលក្នុងបង្ហាញថាមាន “ការផ្ទុះនៅជិតកន្ទុយយន្តហោះនោះ។”
មន្ត្រីអាមេរិកដែលបាននិយាយជាមួយ CNN ក៏បាននិយាយផងដែរថា ប្រហោងនៅលើផ្នែកខាងនៃយន្តហោះស្របទៅនឹងការខូចខាតពីគ្រាប់បែកដែលបណ្តាលមកពីការផ្ទុះ។
ប្រធានាធិបតីអាលីយេវបានប្រាប់ពូទីនថា យន្តហោះនោះ “បានជួបប្រទះការរំខានផ្នែករូបវន្ត និងបច្ចេកទេសពីខាងក្រៅខណៈពេលស្ថិតក្នុងលំហអាកាសរុស្ស៊ី ដែលបណ្តាលឱ្យបាត់បង់ការគ្រប់គ្រងទាំងស្រុង” យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ប្រធានាធិបតីស្តីពីការសន្ទនាកាលពីថ្ងៃសៅរ៍។
អាលីយេវបាននិយាយថា អាជ្ញាធរអាស៊ែបៃហ្សង់បានពិនិត្យប្រហោងនៅលើតួយន្តហោះ បានពិនិត្យរបួសរបស់អ្នកដំណើរ និងសមាជិកក្រុមការងារដែលបណ្តាលមកពី “ភាគល្អិតពីខាងក្រៅចូលទៅក្នុងកាប៊ីននៅពេលហោះហើរ” និងបានស្តាប់សក្ខីកម្មរបស់អ្នករស់រានមានជីវិត។
ពូទីនក៏បានសម្តែងការចូលរួមសោកស្តាយចំពោះគ្រោះថ្នាក់នេះក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន កាស៊ីម-ចូម៉ាត តូកាយេវ កាលពីថ្ងៃសៅរ៍ យោងតាមក្រឹមឡាំង។
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី បាននិយាយនៅលើបណ្តាញ X ថា លោកក៏បាននិយាយជាមួយអាលីយេវកាលពីថ្ងៃសៅរ៍ដែរ ហើយបានសម្តែងការចូលរួមសោកស្តាយចំពោះ “គ្រោះថ្នាក់ដ៏រន្ធត់” នេះ។
“រុស្ស៊ីត្រូវផ្តល់ការពន្យល់ច្បាស់លាស់ និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត។ រូបថត និងវីដេអូបង្ហាញយ៉ាងច្បាស់ពីការខូចខាតនៃតួយន្តហោះ រួមទាំងប្រហោង និងស្នាមគាស់ ដែលបង្ហាញយ៉ាងច្បាស់ថាត្រូវបានបាញ់ដោយមីស៊ីលការពារដែនអាកាស” ហ្សេឡិនស្គីបាននិយាយ។
នៅពេលត្រូវបានសួរដោយអ្នកកាសែតថាតើពូទីនគួរទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះដែរឬទេ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ដែលកំពុងវិស្សមកាលនៅកោះវឺជិនរបស់សហរដ្ឋអាមេរិក បាននិយាយថា “ហាក់ដូចជា” មេដឹកនាំរុស្ស៊ីបានធ្វើរួចហើយ។ “ហាក់ដូចជាគាត់បានធ្វើហើយ ប៉ុន្តែខ្ញុំមិនទាន់បាននិយាយជាមួយក្រុមការងាររបស់ខ្ញុំនៅឡើយទេ” បៃដិនបានឆ្លើយនៅពេលចេញពីព្រះវិហារនៅសាន់ក្រ័ក្ស មុនពេលឡើងជិះរថយន្តដែលកំពុងរង់ចាំ។
យ៉ាងហោចណាស់ក្រុមហ៊ុនអាកាសចរណ៍ចំនួនប្រាំបានផ្អាកជើងហោះហើរទៅកាន់តំបន់នានានៅរុស្ស៊ីជាបណ្តោះអាសន្នចាប់តាំងពីគ្រោះមហន្តរាយនេះ រួមទាំងក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់ ក្រុមហ៊ុនអាកាសចរណ៍តួកមេនីស្ថាន អេល អាល អ៊ីស្រាអែល ហ្វ្លាយឌូបៃ និងកាហ្សាក់ អែរដោយ
ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនបានលើកឡើងពីកង្វល់សុវត្ថិភាព៕