ដោយ៖ កំចាយ
កែប÷ ក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤-២០២៥ រដ្ឋបាលខេត្តកែបនឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនប្រភេទដើម្បីស្វាគមន៍ភ្ញៀវជិតឆ្ងាយសម្រាប់រយ:ពេល២ថ្ងៃ។ មន្ត្រីជំនាញរំពឹងថាភ្ញៀវនឹងមកលេងក្នុងខេត្តកែបយ៉ាងកុះករ ខណ:ដែលហេដ្ឋារចនាសម្ព័ន្ធ និងឥរិយាបថប្រតិបត្តិករល្អប្រសើរជាងមុន។
លោក ប៉ុក ទាំង ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តកែបបានបញ្ជាក់ថា សម្រាប់ឱកាសនៃពិធីឆ្លងឆ្នាំសកល ឆ្នាំ២០២៤ឈានចូលឆ្នាំ២០២៥ លោកសង្ឃឹមថាភ្ញៀវជិតឆ្ងាយនឹងចូលមកលេងក្នុងខេត្តកែបយ៉ាងច្រើនកុះករ។ កត្តាមួយចំនួនដែលជំរុញ និងទាក់ទាញទេសចរឲ្យចូលមកខេត្តកែប ដូចជា ផ្លូវធ្វើដំណើរមានភាពងាយស្រួលជាងមុន ការកែប្រែទម្លាប់មិនល្អរបស់អ្នកលក់ដូរមួយចំនួនបន្ទាប់ពីមន្ត្រីជំនាញចុះអប់រំតាមការចង្អុលណែនាំពីព្រោះតែភាពអវិជ្ជមានធ្លាប់កើតឡើងកន្លងមកនោះ។ បន្ថែមលើនេះ នៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តនឹងបង្កើតព្រឹត្តិការណ៍កម្សាន្តសប្បាយផ្សេងៗ ដូចជា ពិធីបង្ហើរខ្លែងឯកខ្មែរ ប្រឡងចម្រៀងបុរាណសម័យ ពិធីប្រណាំងទូកផ្កាចារសមុទ្រ ការប្រគំតន្ត្រី សកម្មភាពអុជកាំជ្រួច បង្ហោះគោម និងសិល្បៈជាដើម។
លោកប្រធានស្តីទីបានបន្តថា ចំពោះសេវាម្ហូបអាហារ បច្ចុប្បន្ននៅទូទាំងខេត្តកែបមានភោជនីយដ្ឋាន អាហារដ្ឋានចំនួន៤២កន្លែង។ ដោយឡែក សេវាកម្មកម្សាន្តលើផ្ទៃសមុទ្រ ខេត្តកែបមានទូកម៉ាស៊ីនដឹកភ្ញៀវទៅលេងតាមបណ្តាកោះចំនួន១៦គ្រឿង និងទូកជូនភ្ញៀវស្ទូចត្រី១៨គ្រឿង។
សូមបញ្ជាក់ថា ជាមួយតម្លៃ និងសេវាកម្មនានាទាក់ទិនវិស័យទេសចរណ៍ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីពេលថ្មីៗនេះ លោក សោម ពិសិដ្ឋ បានណែនាំតាមរយ:មន្ទីរទេសចរណ៍ ក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធត្រូវផ្សព្វផ្សាយដល់អាជីវករធ្វើយ៉ាងណាប្រកបអាជីវកម្មឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ សុចរិតភាព ពិសេសត្រូវបង្ហាញបញ្ជីមុខម្ហូបដើម្បីធានាផាសុកភាព ក៏ដូចជាជំនឿជឿជាក់ជូនអ្នកទេសចរ៕