ព័ត៌មានជាតិ

គ្រប់ផ្នែកពាក់ព័ន្ធត្រូវសហការល្អជាមួយការិយាល័យប្រជាពលរដ្ឋដើម្បីលុបបំបាត់ភាពអសកម្ម

ដោយ៖កំចាយ

កំពត៖ គ្រប់អាជ្ញាធរ មន្ទីរ អង្គភាព និងបណ្តាផ្នែកពាក់ព័ន្ធត្រូវសហការល្អជាមួយការិយាល័យប្រជាពលរដ្ឋដើម្បីលុបបំបាត់ភាពអសកម្មរបស់មន្ត្រីថ្នាក់ក្រោមជាតិក្នុងកិច្ចការផ្តល់សេវាសាធារណ:។ នេះជាការអំពាវនាវរបស់ប្រធានក្រុមប្រឹក្សាខេត្តកំពតកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពតបានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់អភិបាលកិច្ចក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការពង្រឹងតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាព ព្រមទាំងគ្រប់ផ្នែកពាក់ព័ន្ធត្រូវជួយផ្សព្វផ្សាយ និងចូលរួមសហការល្អជាមួយការិយាល័យប្រជាពលរដ្ឋខេត្ត ក្រុង-ស្រុក។ កិច្ចសហការទាំងនេះជាផ្នែកសំខាន់ក្នុងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រង់រដ្ឋបាលប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តសម្រាប់ពលរដ្ឋមូលដ្ឋាន។ លោកប្រធានក្រុមប្រឹក្សាខេត្តបានបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋជាតំណាងឲ្យប្រជាជន ហើយមានតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ។

លោក អ៊ីង សុខុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពតបានបញ្ជាក់ថា ការផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិដល់បណ្តាមន្ទីរ-អង្គភាពជុំវិញខេត្តគឺក្នុងបំណងបញ្ជ្របការយល់ដឹង និងផ្តល់កិច្ចសហការអនុវត្តជាមួយការិយាល័យប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ការិយាល័យប្រជាពលរដ្ឋមានសមត្ថកិច្ចសម្រុះសម្រួល ដោះស្រាយ ស៊ើបអង្កេត រាយការណ៍ និងផ្តល់អនុសាសន៍ទៅលើបណ្តឹង ព្រមទាំងព័ត៌មាននានាស្ថិតក្នុងដែនសមត្ថកិច្ច ពិសេសផ្តោតសំខាន់លើការងារ៤ចំណុច។

លោកប្រធានការិយាល័យបានបន្តថា កិច្ចការទទួលខុសត្រូវទាំងនោះ រួមមាន ១. បណ្តឹងពាក់ព័ន្ធសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជំនាញ។ ២. បណ្តឹងពាក់ព័ន្ធការងារ និងអាកប្បកិរិយារបស់បុគ្គលិកក្រុមប្រឹក្សាខេត្ត បុគ្គលិកមន្ទីរ-អង្គភាពជំនាញថ្នាក់ខេត្ត និងភ្នាក់ងារទទួលសមត្ថកិច្ច។ ៣.បណ្តឹងពាក់ព័ន្ធការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ហិរញ្ញវត្ថុ ក៏ដូចជាទ្រព្យសម្បត្តិរបស់រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជំនាញថ្នាក់រដ្ឋបាលខេត្ត។ ៤. បណ្តឹងពាក់ព័ន្ធការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជំនាញ និងភ្នាក់ងារទទួលសមត្ថកិច្ច។

តាមរបាយការណ៍លទ្ធផលការងារការិយាល័យប្រជាពលរដ្ឋបានបញ្ជាក់ថា រយ:ពេល៤ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ការិយាល័យបានទទួលបណ្តឹងចំនួន១៦៦ករណី។ ក្នុងនោះស្ថិតនៅក្រៅដែនសមត្ថកិច្ច១៧ករណី និងបានដោះស្រាយរួចរាល់ចំនួន១៣១បណ្តឹង៕