ព័ត៌មានជាតិ

គណៈបញ្ជាការកងឯកភាពនិងរដ្ឋបាលខេត្តបន្ទាយមានជ័យដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចអោយទប់ស្កាត់ បង្ក្រាបក្មេងទំនើង

ដោយ : បន្ទាយ / បន្ទាយមានជ័យ :គណៈបញ្ជាការកងឯកភាពនិងរដ្ឋបាលខេត្តបន្ទាយមានជ័យបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អធិការនគរបាលក្រុង-ស្រុកទាំង៩ ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពួតដៃគ្នាបង្ក្រាបនូវករណីក្មេងទំនើង។គឺសម្រាប់ក្រុមក្មេងទំនើងដែលកំពុងតែងើបឡើងវិញ បង្កនូវភាពភ័យខ្លាចដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានដាក់ចេញបទបញ្ជារបែបនេះ ពេលថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ នៃសាលាខេត្តបន្ទាយមានជ័យនាថ្ងៃទី២៦ -២៧ខែធ្នូ ឆ្នាំ២០២៤។

ទោះជាយ៉ាងណា លោកអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំពុះពារ រែកពុនការងារនានាជាច្រើន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គម ទាំងសន្តិសុខតាមបណ្តោយព្រំដែនមានលក្ខណៈល្អប្រសើរ រក្សាបាននូវបូរណភាពទឹកដី ជាតំបន់មិត្តភាព និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។

យោងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អនុសាសន៍អោយក្រសូង ស្ថាប័ន រដ្ឋបាលខេត្ត រាជធានីបន្តរឹតបន្តឹងការបង្ក្រាបករណីផ្សេងៗ ពិសេសគឺករណីក្មេងទំនើងដោយត្រូវវអនុវត្តទៅតាមនីតិវិធី និងបន្តស្រាវជ្រាវនៅមុខសញ្ញា ដែលតែងតែបង្កនូវអសន្តិសុខនៅក្នុងមូលដ្ឋាន ពោលគឺដើម្បីធ្វើការបង្ក្រាបឱ្យបានអស់ បំពេញនូវសេចក្ដីត្រូវការនិងបំពេញក្តីសុខជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរ។

លោក អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ ដល់សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តជាប្រចាំនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តើមចេញពីការបម្រើសេវារដ្ឋបាលនិងសេវាតម្រូវការចាំបាច់នានានៅមូលដ្ឋាន គឺត្រូវបានពង្រឹងនិងពង្រីកទាំងគុណភាពបរិមាណនិងសមត្ថភាពតាមរយៈការកែលម្អជាប្រចាំនូវរបៀបរបបនិងអាកប្បកិរិយាធ្វើការងាររបស់មន្ត្រីនៅមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ។

លើសពីនោះ ដោយបង្ហាញ «ស្នាមញញឹមខេត្តបន្ទាយមានជ័យ» លោកបានស្នើអោយរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ជាពិសេសការបង្ក្រាបក្មេងទំនើង ដែលកំពុងតែមានសកម្មភាពងើបឡើងវិញនេះ ៕