ដោយ៖លនស្រស់
ភ្នំពេញ៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់២ អគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ( គ.ស.ក) រៀបចំសិក្ខាសាលាស្តីពី “ កាតព្វកិច្ច និងនីតិវិធីក្នុងការធ្វើបច្ចុប្បន្នភាពពន្ធដារស្របតាមច្បាប់ស្តីពីសារពើពន្ធ សម្រាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល “ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងលោកស្រី ស៊ីន ពុទ្ធារី នាយិកាប្រតិបត្តិនៃ គ .ស.ក ។ សិក្ខាសាលានេះមានការចូលរួមពីលោក ជ័យ រិទ្ធី ប្រធាននាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធតូចនិងមធ្យម និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ៣០០នាក់។
សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធនីតិវិធីនៃការធ្វើបច្ចុប្បន្នភាព និងនីតិវិធីផ្សេងៗទៀតស្របតាមច្បាប់ស្តីពីសារពើពន្ធ សម្រាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងបង្កើតឲ្យមានកិច្ចសន្ទនារវាងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ជាមួយ អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសផ្តល់ឳកាសដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលលើកឡើងនូវ បញ្ហាប្រឈមរបស់ខ្លួនក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ៕