សន្ដិសុខសង្គម

អភិបាលខេត្តកំពង់ចាមប្តេជ្ញាចិត្តទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រប់ទម្រង់

ដោយ៖ គង់ហេង

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការប្តេជ្ញាចិត្តនឹងទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ទម្រង់ ជាពិសេសបទល្មើសអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជាបរិបទសកលឱ្យអស់ពីលើទឹកដីខេត្តមួយនេះ។

ការប្តេជ្ញាធរចិត្តរបស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្ត ប្រឆាំងអំពើជួញដូរមនុស្សបែបនេះ ធ្វើឡើងក្នុងការដែលឯកឧត្តមបានអញ្ជើញចូលរួមទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមន្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” ដែលបានរៀបចំឡើងនៅក្នុងវត្តកោះតាង៉ោ ឃុំសូគង ស្រុកកងមាស នៅព្រឹកថ្ងៃទី ២៦ ធ្នូនេះ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបញ្ជាក់ថា៖ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមាន អាស្រ័យកត្តាបីសំខាន់គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ រូបភាពនៃ អំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានបាតុភាពមួយចំនួនទៀត ដូចជាអំពើជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬ ជួញដូរទារកឆ្លងដែន ក្រោមរូបភាពអំពើជួលពពោះជំនួស។

ឯកឧត្តមបានបន្ថែមថា៖ នេះជាកង្វល់ថ្មីទៀត ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននឹងកំពុងតែដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបជាបណ្តើរៗឱ្យបានទាន់ពេលវេលា និងសិក្សាអំពីបរិបទច្បាប់ បទដ្ឋានគតិយុត្តពាក់ព័ន្ធបន្ថែមទៀត ដើម្បីជៀសវាងការរីកដុះដាលនៃបទល្មើស ដែលនាំឱ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងដល់សង្គម និងមនុស្សគ្រប់វ័យ។ ការធ្វើទេសន្តរប្រវេសន៍ ក៏នៅតែជាប្រធានបទដ៏សំខាន់ ដែលត្រូវថ្លឹងថ្លែង អំពីផលចំណេញ និងផលប៉ះពាល់ ដែលគប្បីធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ន។ ជាមួយគ្នានេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអង្គភាព ក្រុង-ស្រុក អង្គការពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គ ដើម្បីធ្វើឱ្យសម្រេចកិច្ចការជាច្រើន គួរជាទីមោទនៈ។

ឯកឧត្តមបានបន្តថា៖ ផ្តើមចេញបានពីការខិតខំចូលរួមយ៉ាងសកម្ម របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា យន្តការថ្នាក់ក្រុង-ស្រុក ឃុំ-សង្កាត់ ក៏ដូចជាការចូលរួមពីព្រះសង្ឃ លោកតា លោកយាយ និង បងប្អូន ប្រជាពលរដ្ឋ។ ក្នុងនាមអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខ្ញុំសូមប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងយកអស់កម្លាំងកាយ ចិត្ត ស្មារតី ខិតខំបន្ថែមទៀត ដើម្បីទប់ស្កាត់ និងឈានទៅបង្ក្រាបឱ្យបាននូវរាល់បទល្មើសផ្សេងៗ ទោះពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សក្តី និង បទល្មើសផ្សេងៗទៀតក្តី ឱ្យអស់ពីទឹកដីនៃខេត្តកំពង់ចាមរបស់យើង៕