ដោយ÷សុខុម
ក្រចេះ÷ករណីគំនុំសងសឹកកាប់គ្នាបណ្ដាលឲ្យយុវជនម្នាក់បាត់បង់ជីវិតនៅខេត្តក្រចេះកាលពីកន្លងទៅ នៅថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៤ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌបង្ក្រាបបានជនសង្ស័យចំនួន២នាក់កំពុងកសាងសំណុំរឿងតាមនីតិវិធី។
សូមជម្រាបជូនថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦និង១០នាទី នៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានករណីក្មេងទំនើងកាប់គ្នា បង្កឡើងដោយជនសង្ស័យចំនួន២នាក់ រួមមាន ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ១៨ឆ្នាំ បានធ្វើសកម្មភាពជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ ស្ទាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខណៈពេលកំពុងជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊រីឆ្នាំ២០២៤ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំង២នាក់ខាងលើបានរត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាងរួមមាន៖ ដាវចំនួន១, កាំបិតផ្គាក់ចំនួន១ និងដំបងឈើចំនួន១ដើម។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។
តាមចម្លើយរបស់ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦និង១០នាទី ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ប្រាកដមែន។ មូលហេតុដោយសារតែកន្លងមកជនរងគ្រោះបានធ្វើសកម្មភាពកាប់មកលើពួកខ្លួន ទើបពួកខ្លួនមានការគុំកួន រហូតដល់មានករណីខាងលើកើតឡើង។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះជាម្ចាស់សំណុំរឿង៕