ដោយ៖សហការី
ភ្នំពេញ៖ រថយន្តឡិចស៊ីស330មួយគ្រឿងបានបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូ២គ្រឿងបើកបរដោយយុវជន៤នាក់ជាន់ហ្រ្វាំងមិនជាប់ជ្រុលទៅបុករថយន្តហើយខ្ទាតបោកទៅលើចិញ្ចើមផ្លូវនិងចង្ក្រានអាំងសាច់បណ្តាលឲ្យស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ កាលពីម៉ោងជាង៩ យប់ថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ៩២កែងផ្លូវ១០១៥ ដែលស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អ្នកស្លាប់ម្នាក់ឈ្មោះ ម៉ន ពៅ ភេទប្រុស អាយុ២២ឆ្នាំមុខរបរជាងដែក មានស្រុកកំណើតនៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ រីឯអ្នកស្លាប់ម្នាក់ទៀតគេនៅមិនទាន់បានស្គាល់ពីអាសយដ្ឋានពិតប្រាកដនៅឡើយទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡិចស៊ីសពណ៌សពាក់ផ្លាកលេខភ្នំពេញ2AP-2098 បើកតាមបណ្ដោយផ្លូវ៩២ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។លុះមកដល់ផ្លូវបំបែកជាបួន រថយន្ដម៉ាកឡិចស៊ីសខាងលើបានបើកឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូងចូលផ្លូវ១០១៥ ក៏ស្រាប់តែឃើញជនរងគ្រោះ៤នាក់ជិះម៉ូតូទន្ទឹមគ្នាក្នុងល្បឿនលឿនហើយជាន់ហ្រ្វាំងមិនជាប់ក៏ជ្រុលទៅបុករថយន្តម៉ាកឡិចស៊ីស330ខាងលើ បណ្តាលឲ្យជនរងគ្រោះដែលជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០២២ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JE-2135មានគ្នា២នាក់បានខ្ទាតទៅបោកនឹងចិញ្ចើមផ្លូវនិងផើងផ្កាព្រមទាំងចង្រ្កានអាំងសាច់ដែលទុកចោលបណ្តាលឲ្យជនរងគ្រោះ២នាក់ស្លាប់រីឯ២នាក់ទៀតបានរងរបួស។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងបន្តទៀតថា ខណៈគ្រោះថ្នាក់ភ្លាមៗរថយន្តបង្កខាងលើបានបើករត់ពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញតាមឃាត់យករថយន្តបង្កខាងលើយកមកកន្លែងកើតហេតុប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកឯអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌសែនសុខបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ៕