សេដ្ឋកិច្ច

ចិនប្តេជ្ញាជួយពង្រឹងផ្នែកធនធានមនុស្ស សេដ្ឋកិច្ចឌីជីថល បណ្តាញ5G និងប្រឆាំងល្បែងស៊ីសងតាមអនឡាញដល់កម្ពុជាបន្ថែមទៀត

ដោយ៖ ប្រសិទ្ធ
ភ្នំពេញ៖ ចិនប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា៣ចំណុចបន្ថែមទៀត លើវិស័យសំខាន់ៗ ដើម្បីជំរុញកម្ពុជាសម្រេចបាននូវការអភិវឌ្ឍន៍បែបលឿនរហ័ស។ នេះបើតាមការឱ្យដឹងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដែលយើងទទួលបាននាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងជំនួប ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជានៅទីស្តីការក្រសួង លោកទាំងពីរ និងក្រុមការងារជំនាញ បានពិភាក្សាគ្នាលើកិច្ចការងារជាច្រើន។


ឯកឧត្តម ជា វ៉ាន់ដេត ក៏បានជម្រាបជូនអំពីវឌ្ឍភាពនៃការធ្វើកំណែទម្រង់របស់ក្រសួង ចាប់តាំងពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។

កិច្ចពិភាក្សាបានបង្ហាញថា ប្រទេសចិនប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា៣ចំណុចបន្ថែមទៀត លើវិស័យសំខាន់ៗ រួមមាន វិស័យកិច្ចសហប្រតិបត្តិការធនធានមនុស្ស ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ការសាងសង់បណ្តាញ5G និងការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងស៊ីសងអនឡាញ និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដើម្បីជួយកម្ពុជាសម្រេចបាននូវការអភិវឌ្ឍន៍បែបលឿនរហ័ស។

ឯកឧត្តម វ៉ាង វិនពីន បានលើកឡើងថា វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជាពោរពេញដោយភាពរស់រវើក។ ឯកឧត្តមបន្តថា ភាគីចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល បន្ថែមទៀតផងដែរ៕