អន្តរជាតិ

ការអនុញ្ញាតឱ្យ TikTok បន្តដំណើរការនៅសហរដ្ឋអាមេរិកអាចជាគំនិតល្អ ជាការលើកឡើងរបស់លោក Trump

ប្រែសម្រួល៖ រតនា

ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានបង្ហាញកាលពីថ្ងៃអាទិត្យ (ថ្ងៃទី២២ ខែធ្នូ) ថា លោកគាំទ្រឱ្យ TikTok បន្តប្រតិបត្តិការនៅសហរដ្ឋអាមេរិកយ៉ាងហោចណាស់ក៏មួយរយៈដែរ ដោយលោកបានលើកឡើងថា យុទ្ធនាការប្រធានាធិបតីរបស់លោកទទួលបានការមើលរាប់ពាន់លានដងនៅលើកម្មវិធីបណ្តាញសង្គមនេះ។

សម្តីរបស់លោក Trump នៅចំពោះមុខក្រុមអ្នកគាំទ្រអភិរក្សនិយមនៅទីក្រុង Phoenix រដ្ឋ Arizona គឺជាសញ្ញាដ៏ខ្លាំងបំផុតមួយដែលបង្ហាញថា លោកប្រឆាំងនឹងការចេញពីទីផ្សារអាមេរិករបស់ TikTok។

ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់មួយកាលពីខែមេសា ដែលតម្រូវឱ្យក្រុមហ៊ុនមេចិន ByteDance លក់កម្មវិធី TikTok ចេញ ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។

ម្ចាស់ TikTok បានស្វែងរកការលុបចោលច្បាប់នេះ ហើយតុលាការកំពូលសហរដ្ឋអាមេរិកបានយល់ព្រមស្តាប់ករណីនេះ។ ប៉ុន្តែប្រសិនបើតុលាការមិនសម្រេចគាំទ្រ ByteDance និងមិនមានការលក់ចេញទេនោះ កម្មវិធីនេះអាចនឹងត្រូវហាមឃាត់នៅសហរដ្ឋអាមេរិកនៅថ្ងៃទី១៩ ខែមករា មួយថ្ងៃមុនលោក Trump ឡើងកាន់តំណែង។

វាមិនទាន់ច្បាស់នៅឡើយថា តើលោក Trump នឹងដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច ដោយសារបទបញ្ជាលក់ TikTok នេះត្រូវបានអនុម័តដោយសម្លេងគាំទ្រភាគច្រើនលើសលប់នៅព្រឹទ្ធសភា។

“ខ្ញុំគិតថាយើងត្រូវចាប់ផ្តើមគិតឡើងវិញ ព្រោះអ្នកដឹងទេ យើងបានប្រើប្រាស់ TikTok ហើយយើងទទួលបានការឆ្លើយតបយ៉ាងល្អជាមួយនឹងការមើលរាប់ពាន់លានដង ” លោក Trump បាននិយាយទៅកាន់ហ្វូងមនុស្សនៅក្នុងព្រឹត្តិការណ៍ AmericaFest ដែលជាការជួបជុំប្រចាំឆ្នាំរៀបចំដោយក្រុមអភិរក្សនិយម Turning Point។

“ពួកគេបាននាំយកតារាងមួយមកបង្ហាញខ្ញុំ ហើយវាជាកំណត់ត្រាមួយ វាពិតជាស្អាតណាស់ពេលមើលឃើញ ហើយពេលខ្ញុំមើលវា ខ្ញុំបាននិយាយថា ‘ប្រហែលជាយើងត្រូវរក្សាវាទុកមួយរយៈសិន'” លោកបានបន្ថែម។

លោក Trump បានជួបជាមួយនាយកប្រតិបត្តិ TikTok កាលពីថ្ងៃចន្ទ។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃដដែលថា លោកមាន “ចំណុចទន់” ចំពោះ TikTok ដោយសារភាពជោគជ័យនៃយុទ្ធនាការរបស់លោកនៅលើកម្មវិធីនេះ។

ក្រសួងយុត្តិធម៌បានអះអាងថា ការគ្រប់គ្រង TikTok ដោយចិនបង្កើតការគំរាមកំហែងបន្តដល់សន្តិសុខជាតិ ដែលជាជំហរគាំទ្រដោយសមាជិកសភាអាមេរិកភាគច្រើន។

TikTok និយាយថា ក្រសួងយុត្តិធម៌បានបកស្រាយមិនត្រឹមត្រូវអំពីទំនាក់ទំនងរបស់កម្មវិធីបណ្តាញសង្គមនេះជាមួយប្រទេសចិន ដោយអះអាងថា ប្រព័ន្ធណែនាំមាតិកានិងទិន្នន័យអ្នកប្រើប្រាស់ត្រូវបានរក្សាទុកនៅសហរដ្ឋអាមេរិកនៅលើម៉ាស៊ីនមេដែលដំណើរការដោយក្រុមហ៊ុន Oracle Corp ខណៈការសម្រេចចិត្តលើការត្រួតពិនិត្យមាតិកាដែលប៉ះពាល់ដល់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិក៕

ប្រភព៖ Reuters/dy