ប្រែសម្រួល៖ តារា
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមីរ ហ្សេលេនស្គី បានកោតសរសើរចំពោះជ័យជម្នះរបស់ អូឡិកសាន់ឌ័រ អ៊ូស៊ីក លើ ធីសុន ហ្វូរី ដើម្បីការពារខ្សែក្រវាត់ពិភពលោក WBA (Super), WBO និង WBC នៅក្នុងក្រុងរីយ៉ាដ ដោយលោកថា អ្នកប្រដាល់រូបនេះបានបង្ហាញពីស្មារតីប្រយុទ្ធរបស់ប្រជាជនអ៊ុយក្រែន។
អ៊ូស៊ីក ដែលមិនដែលចាញ់សោះ និងបានដណ្តើមខ្សែក្រវាត់ WBC ពីហ្វូរី នៅការប្រកួតលើកដំបូងកាលពីខែឧសភា បានឈ្នះអតីតជើងឯកពិភពលោកពីរសម័យជនជាតិអង់គ្លេស ក្នុងការប្រកួតសងសឹកដោយការសម្រេចជាឯកច្ឆន្ទ ធ្វើឱ្យហ្វូរីស្គាល់ការចាញ់ជាលើកទីពីរក្នុងអាជីពរបស់គាត់។
“ជ័យជម្នះ! ជាជ័យជម្នះដ៏សំខាន់ និងចាំបាច់សម្រាប់ពួកយើងទាំងអស់គ្នានាពេលនេះ” នេះជាការសរសេររបស់លោក ហ្សេលេនស្គី ដែលបានដឹកនាំប្រទេសអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី ចាប់តាំងពីមូស្គូ វាយប្រហារប្រទេសជិតខាងរបស់ខ្លួននៅឆ្នាំ២០២២ នៅលើបណ្តាញ X។
“តាមរយៈការការពារខ្សែក្រវាត់ជើងឯករបស់គាត់ អូឡិកសាន់ឌ័រ អ៊ូស៊ីក បានបង្ហាញថា៖ យើងជាជនជាតិអ៊ុយក្រែន ហើយយើងនឹងមិនបោះបង់អ្វីដែលជារបស់យើងឡើយ! មិនថាវាពិបាកយ៉ាងណាទេ – យើងនឹងជម្នះគ្រប់យ៉ាង។”
“មិនថានៅក្នុងសង្វៀន នៅលើសមរភូមិ ឬនៅក្នុងឆាកការទូតក៏ដោយ – យើងនឹងប្រយុទ្ធ ហើយយើងនឹងមិនបោះបង់អ្វីដែលជារបស់យើងឡើយ! សូមអបអរសាទរចំពោះជ័យជម្នះរបស់អ្នក កូសាក់! សូមអបអរសាទរចំពោះជ័យជម្នះរបស់អ្នក អ៊ុយក្រែន!”
អតីតជើងឯកពិភពលោក វ្លាឌីមៀរ គ្លីឆកូ ដែលបានចូលបម្រើក្នុងកងទ័ពបម្រុងអ៊ុយក្រែន មុនការវាយប្រហាររបស់រុស្ស៊ី បាននៅក្នុងសាល Kingdom Arena ដើម្បីមើលជ័យជម្នះរបស់អ៊ូស៊ីក។
“អ៊ុយក្រែនមានសំណាងណាស់ដែលមានអ្នក។ អ្នកគឺជាអ្នកកាន់ទង់ពិតប្រាកដនៃភាពរឹងមាំរបស់យើង… សិរីរុងរឿងចូរមានដល់អ៊ុយក្រែន” នេះជាការសរសេររបស់លោក គ្លីឆកូ នៅលើបណ្តាញ X៕
ប្រភព៖ Reuters