សន្ដិសុខសង្គម

រថយន្តបាឡែនដឹកឈើមួយគ្រឿងបើកធ្លាក់ផ្លូវបុកដើមឈើ បណ្ដាលឲ្យអ្នកបើកបរស្លា.ប់ និងអ្នករួមដំណើររបួសធ្ងន់

ដោយ : បន្ទាយ

ព្រះវិហារ : បុរសពីរនាក់ម្នាក់ជាអ្នកបើកបរ និងម្នាក់ទៀតជាព្រូរថយន្តបាឡែនដឹកឈើ ១គ្រឿង បានបើកធ្លាក់ផ្លូវជ្រុលទៅបុកដើមឈើ ១ដើមដួលបណ្តាលឱ្យគាបជាប់ក្នុងរថយន្តស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។គ្រោះថ្នាក់កើតឡើងនាវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨-២០៩ ត្រង់ចំណុចដីឈិនច័ន្ទពណ៌ ស្ថិតនៅក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រភពពីនគរបាលចរាចរណ៍ផ្លូវគោកស្រុកជាំក្សាន្តខត្តព្រះវិហារបានឱ្យដឹងថា មានរថយន្តតូយ៉ូតាបាឡែនដឹកឈើ ១គ្រឿង បានបើករេចង្កូតធ្លាក់ផ្លូវ ហើយបានជ្រុលទៅបុកដើមឈើ១ដើម ដែលនៅប្របនឹងដងផ្លូវនោះបណ្តាលឱ្យបុរសជាអ្នកបើកម្នាក់ឈ្មោះ ធី ថន អាយុ ៣៥ឆ្នាំ បានគាបស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត ឈ្មោះ តន់ សារ៉ូ អាយុ ៣៦ឆ្នាំ មុខរបរកម្មកររងរបួសធ្ងន់បាក់ភ្លៅទាំងសងខាង ជាអ្នករួមដំណើរ។

ជនរងគ្រោះខ្លួនឯងទាំង២នាក់ មានលំនៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រោយពេលកើតហេតុ សាកសពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តឧត្តរមានជ័យ។ ដោយឡែក អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យអគ្គសេនាធិការកងទ័ពនៅស្រអែម ស្ថិតក្នុងស្រុកជាំក្សាន្ត ។ចំពោះវត្ថុតាងរថយន្តនិងឈើជាច្រើនសន្លឹក ត្រូវបានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕