អន្តរជាតិ

យ៉ាងហោចណាស់មនុស្ស៣៨នាក់បានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តក្រុងនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល

ប្រែសម្រួល៖ ស-សម្បត្តិ

សៅប៉ូឡូ៖ យ៉ាងហោចណាស់មនុស្ស៣៨នាក់បានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តក្រុងមួយនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីលកាលពីថ្ងៃសៅរ៍ (ថ្ងៃទី២១ ខែធ្នូ) ដែលប្រធានាធិបតី លូអ៊ីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីលវ៉ា ហៅថា “សោកនាដកម្មដ៏រន្ធត់មួយ”។

គ្រោះថ្នាក់នេះបានកើតឡើងនៅរដ្ឋមីណាស់ ហ្សឺរ៉ែស ដែលពាក់ព័ន្ធនឹងរថយន្តក្រុងមួយដែលឆេះភ្លើងក្នុងការបុកគ្នា គឺជាគ្រោះថ្នាក់ដ៏អាក្រក់បំផុតដែលបានកើតឡើងនៅលើផ្លូវជាតិប្រេស៊ីលចាប់តាំងពីឆ្នាំ២០០៧មក បើយោងតាមទិន្នន័យប៉ូលិសដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ពួកគេ ប៉ូលិសស៊ីវិលបានបញ្ជាក់ថាមានមនុស្សស្លាប់៣៨នាក់ និងមនុស្ស៨នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

មានការរាយការណ៍ផ្សេងៗគ្នាអំពីគ្រោះថ្នាក់នេះ៖ ដំបូងឡើយអ្នកពន្លត់អគ្គិភ័យបាននិយាយថា រថយន្តក្រុងនោះបានផ្ទុះកង់នៅម៉ោងប្រហែល៣:៣០នាទីព្រឹកម៉ោងក្នុងស្រុក នៅក្បែរទីក្រុងឡាហ្ស៊ីញ៉ា បណ្តាលឱ្យអ្នកបើកបរបាត់បង់ការគ្រប់គ្រងយានយន្ត និងបុកជាមួយរថយន្តដឹកទំនិញ។ មន្ត្រីបាននិយាយថា មានយានយន្តមួយទៀតក៏បានបុកពីក្រោយរថយន្តក្រុងនោះដែរ ប៉ុន្តែអ្នកដំណើរនៅក្នុងនោះនៅរស់។

ទោះយ៉ាងណា អ្នកពន្លត់អគ្គិភ័យក្រោយមកបានដកស្រង់សម្តីសាក្សីដែលនិយាយថា ដុំថ្មក្រានីតដែលកំពុងដឹកជញ្ជូនដោយរថយន្តដឹកទំនិញបានធ្លាក់ទៅលើរថយន្តក្រុង បណ្តាលឱ្យមានគ្រោះថ្នាក់នេះ។

បន្ទាប់ពីការបុកគ្នា រថយន្តក្រុងដែលកំពុងធ្វើដំណើរពីសៅប៉ូឡូទៅកាន់វីតូរៀ ដា ខុងគីស្តា នៅរដ្ឋបាហ៊ីយ៉ាភាគឦសាន បានឆាបឆេះ។

ចំនួនអ្នកស្លាប់បានកើនឡើងបន្តិចម្តងៗពេញមួយថ្ងៃ ដោយអ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់បានប្រាប់ AFP កាលពីមុនថា “មិនទាន់អាចបញ្ជាក់ចំនួនជាក់លាក់បានទេ ដោយសារស្ថានភាពសាកសព”។

នាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា នៅពេលដែលយកសាកសពដែលឆេះចេញមក ជនរងគ្រោះមួយចំនួនត្រូវបានជាប់គាំងនៅខាងក្នុង។

នៅក្នុងវីដេអូដែលត្រូវបានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ អនុសេនីយ៍ឯក អាឡុនសូ វីយេរ៉ា ហ្សូនៀ នៃនាយកដ្ឋានពន្លត់អគ្គិភ័យមីណាស់ ហ្សឺរ៉ែស បាននិយាយថា ត្រូវការម៉ាស៊ីនលើកដើម្បីសម្អាតបំណែកគ្រោះថ្នាក់ ហើយ “នៅមានជនរងគ្រោះបន្ថែមទៀតដែលត្រូវយកចេញ”។

ក្នុងចំណោមអ្នកស្លាប់មានអ្នកបើកបររថយន្តក្រុង និងយ៉ាងហោចណាស់កុមារម្នាក់។

លោក លូឡា បានប្រើប្រាស់បណ្តាញសង្គមដើម្បីសម្តែងការអធិដ្ឋានសម្រាប់ “ការជាសះស្បើយរបស់អ្នករស់រានមានជីវិតពីសោកនាដកម្មដ៏រន្ធត់នេះ”។

លោកបានមានប្រសាសន៍ថា “ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង” ដោយសម្តែងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ។

អភិបាលរដ្ឋមីណាស់ ហ្សឺរ៉ែស បាននិយាយថា លោកកំពុងធ្វើការ “ដើម្បីឱ្យក្រុមគ្រួសារជនរងគ្រោះទទួលបានការថែទាំ ដោះស្រាយសោកនាដកម្មនេះតាមវិធីដែលមានមនុស្សធម៌បំផុត”។

នៅចុងខែវិច្ឆិកា គ្រោះថ្នាក់រថយន្តក្រុងមួយនៅរដ្ឋអាឡាហ្គោស ភាគឦសាន បានបណ្តាលឱ្យមនុស្ស១៧នាក់ស្លាប់ នៅពេលដែលវាធ្លាក់ចូលទៅក្នុងជ្រលង ខណៈកំពុងធ្វើដំណើរនៅលើផ្លូវភ្នំដាច់ស្រយាល៕

ប្រភព៖ AFP/fs