ប្រែសម្រួល៖ ស-សម្បត្តិ
ក្រុងសេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យពង្រឹងការអភិវឌ្ឍផ្នែកផលិតកម្មឧស្សាហកម្មនៅតាមតំបន់ក្រៅរដ្ឋធានីព្យុងយ៉ាង ដើម្បីពង្រឹងសេដ្ឋកិច្ចជនបទ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA កាលពីថ្ងៃសៅរ៍។
លោក គីម បានអំពាវនាវឱ្យមានការទំនើបកម្មរោងចក្រផលិតកម្មតាមតំបន់ ការកែលម្អវិស័យកសិកម្ម និង “បង្កើតលទ្ធផលច្បាស់លាស់រាល់ឆ្នាំ ដោយមិនគិតពីស្ថានភាពណាមួយឡើយ”។
លោក គីម បានថ្លែងនៅថ្ងៃសុក្រ ក្នុងពិធីសម្ពោធរោងចក្រផលិតកម្មថ្មីក្នុងស្រុកសុងឆុន ភាគឦសាននៃក្រុងព្យុងយ៉ាង ដែលលោកបានចូលរួមកាត់ខ្សែបូ និងទស្សនកិច្ចតាមបន្ទប់ផលិតកម្មផលិតផលនានា ដូចជាទឹកស៊ីអ៊ីវ និងទឹកស៊ុបសណ្ដែក នេះបើតាម KCNA។
កាលពីឆ្នាំមុន ផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងជើងមានចំនួន ៤០,២ ទ្រីលានវ៉ុន (២៧,៨៦ ប៊ីលានដុល្លារ) ឬស្មើនឹងត្រឹមតែ ១,៧ ភាគរយនៃ GDP របស់កូរ៉េខាងត្បូងដែលមានចំនួន ២.៤០១,២ ទ្រីលានវ៉ុន នេះបើតាមស្ថាប័នស្ថិតិកូរ៉េខាងត្បូងបានឱ្យដឹងកាលពីថ្ងៃសុក្រ។
GDP របស់កូរ៉េខាងជើងបានធ្លាក់ចុះជាប់គ្នារយៈពេលបីឆ្នាំ ចាប់តាំងពីឆ្នាំ២០២០ ក្នុងអំឡុងពេលជំងឺរាតត្បាត ដែលប្រទេសនេះបានបិទព្រំដែនរបស់ខ្លួន ហើយទើបតែងើបឡើងវិញកាលពីឆ្នាំមុន នេះបើតាមស្ថាប័នដដែល៕
(១ ដុល្លារ = ១.៤៤៣,១៤០០ វ៉ុន)
ប្រភព៖ Reuters