អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក បៃដិន អនុម័តជំនួយយោធាចំនួន ៥៧១ លានដុល្លារដល់តៃវ៉ាន់

ប្រែសម្រួល៖ រតនា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រ (ថ្ងៃទី២០ ខែធ្នូ) បានអនុម័តជំនួយការពារជាតិចំនួន ៥៧១,៣ លានដុល្លារសម្រាប់តៃវ៉ាន់ នេះបើយោងតាមសេតវិមាន ខណៈដែលប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរូបនេះត្រៀមចាកចេញពីតំណែងមុនពិធីសប្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នៅខែមករា។

សហរដ្ឋអាមេរិកមិនទទួលស្គាល់តៃវ៉ាន់ជាផ្លូវការតាមផ្លូវការទូតទេ ប៉ុន្តែជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ និងជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតរបស់កោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ។

ប្រទេសចិន ដែលបានបង្កើនសម្ពាធផ្នែកនយោបាយនិងយោធាលើតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានអំពាវនាវជាច្រើនលើកឱ្យវ៉ាស៊ីនតោនបញ្ឈប់ការផ្ញើអាវុធនិងជំនួយទៅកាន់កោះនេះ ដែលចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

មន្ត្រីតៃវ៉ាន់បាននិយាយថា ចិនបានធ្វើសមយុទ្ធនាវាធំបំផុតក្នុងរយៈពេលច្រើនឆ្នាំកាលពីសប្តាហ៍មុន ដោយបានដាក់ពង្រាយនាវាប្រមាណ ៩០ គ្រឿងនៅជិតកោះភាគខាងត្បូងនៃប្រទេសជប៉ុនរហូតដល់សមុទ្រចិនខាងត្បូង។

  • ប៉េកាំងមិនបានបញ្ជាក់អំពីការធ្វើសមយុទ្ធនេះទេ

ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ សេតវិមានបានឱ្យដឹងថា លោក បៃដិន បានអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសរបស់លោក “ដឹកនាំការផ្តល់សម្ភារនិងសេវាការពារជាតិរបស់ក្រសួងការពារជាតិរហូតដល់ទឹកប្រាក់ ៥៧១,៣ លានដុល្លារ ព្រមទាំងការអប់រំនិងការបណ្តុះបណ្តាលយោធា ដើម្បីផ្តល់ជំនួយដល់តៃវ៉ាន់”។

សេចក្តីថ្លែងការណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីកញ្ចប់ជំនួយយោធានេះទេ ដែលត្រូវបានផ្តល់ក្នុងរយៈពេលតិចជាងបីខែបន្ទាប់ពីកញ្ចប់ជំនួយស្រដៀងគ្នាមួយដែលមានតម្លៃ ៥៦៧ លានដុល្លារត្រូវបានអនុញ្ញាត។

ប៉េកាំងតែងតែបានសម្តែងកំហឹងចំពោះការគាំទ្រអន្តរជាតិដល់តៃប៉ិ និងបានចោទប្រកាន់វ៉ាស៊ីនតោនថាជ្រៀតជ្រែកកិច្ចការរបស់ខ្លួន។

ចិនរក្សាវត្តមានប្រចាំថ្ងៃស្ទើរតែរាល់ថ្ងៃនៃយន្តហោះចម្បាំង ដ្រូន និងនាវាចម្បាំងនៅជុំវិញកោះនេះ។

ប៉េកាំងបាននិយាយថា ខ្លួននឹងមិនបោះបង់ការប្រើកម្លាំងដើម្បីនាំតៃវ៉ាន់មកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ហើយក៏បានបង្កើនការនិយាយអំពី “ការរួបរួមជាតិ” ថាជា “រឿងដែលមិនអាចជៀសផុត”។

ចិនបាន “បង្កើន” សម្ពាធផ្នែកការទូត នយោបាយ និងយោធារបស់ខ្លួនប្រឆាំងនឹងតៃវ៉ាន់ក្នុងឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិកដែលចេញផ្សាយនាសប្តាហ៍នេះ៕

ប្រភព៖ AFP/kg