អន្តរជាតិ

យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងស្ថានទូតជាច្រើនទទួលរងការខូចខាតក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីចូលទៅក្នុងប្រទេសអ៊ុយក្រែន

ប្រែសម្រួល៖ស-សម្បត្តិ

យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងស្ថានទូតជាច្រើនទទួលរងការខូចខាតក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅព្រឹកព្រហាមនៅលើទីក្រុងគីវ ប្រទេសអ៊ុយក្រែន។

រដ្ឋបាលយោធាទីក្រុងគីវបានបញ្ជាក់អំពីការស្លាប់នេះក្នុងការប្រកាសនៅលើ Telegram ដោយបន្ថែមថាមានអ្នករងរបួស ១២នាក់ផ្សេងទៀត។ ក្នុងចំណោមអ្នករងរបួសទាំងនោះ មានប្រាំនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែលអ្នកនៅសល់ត្រូវបានព្យាបាលនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំរុស្ស៊ី វ្លាឌីមៀរ ពូទីន បានប្រកាសប្រកួតប្រជែងជាមួយអ៊ុយក្រែនក្នុងសន្និសីទចុងឆ្នាំរបស់លោក ដែលបណ្ដាលឱ្យប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ហៅមេដឹកនាំរុស្ស៊ីថា “មនុស្សល្ងង់”។

“សូមឱ្យពួកគេស្នើ… នូវការពិសោធបច្ចេកវិទ្យាណាមួយ – ដូចជាការប្រកួតប្រជែងបច្ចេកវិទ្យាខ្ពស់នៅសតវត្សរ៍ទី២១” នេះជាការលើកឡើងរបស់លោក ពូទីន អំឡុងព្រឹត្តិការណ៍កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងម៉ូស្គូ។ ជាការឆ្លើយតប លោក ហ្សេឡិនស្គី បានប្រើពាក្យមិនសមរម្យចំពោះមេដឹកនាំក្រឹមឡាំងក្នុងសេចក្ដីថ្លែងការណ៍តាមអនឡាញ។

យោងតាមបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិក៥គ្រាប់ទៅលើទីក្រុងគីវប្រហែលម៉ោង៧ព្រឹកនៅថ្ងៃសុក្រ។ ប្រព័ន្ធការពារតាមអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីលទាំង៥គ្រាប់។ លើសពីនេះ យន្តហោះគ្មានមនុស្សបើក៤០គ្រឿងត្រូវបានបាញ់ទម្លាក់ ហើយយន្តហោះដ្រូន២០គ្រឿងទៀតមិនបានទៅដល់គោលដៅរបស់ពួកវា។ ទោះយ៉ាងណា កំទេចធ្លាក់បានបង្កឱ្យមានការខូចខាត និងរបួសនៅកណ្ដាលទីក្រុង។

នៅស្រុកមួយ អគារការិយាល័យ ផ្លូវថ្នល់ និងបំពង់ឧស្ម័នត្រូវបានខូចខាត ហើយរថយន្តប្រាំគ្រឿងឆេះ នេះបើតាមការប្រកាសរបស់លោក សេរហ្គី ពុបកូ ប្រធានរដ្ឋបាលយោធាទីក្រុងគីវ នៅលើ Telegram។ នៅស្រុកមួយទៀត អគ្គិភ័យបានឆេះនៅកន្លែងសំណង់កំពុងសាងសង់។

ស្ថានទូតជាច្រើនដែលស្ថិតនៅក្នុងអគារតែមួយត្រូវបានខូចខាត យោងតាមក្រសួងការបរទេសអ៊ុយក្រែន ដោយអ្នកនាំពាក្យម្នាក់ គឺលោក ហេអរហ្គី ធីឃី បានហៅការវាយប្រហារនេះថា “ព្រៃផ្សៃ”។

“នេះគឺជាស្ថានទូតអាល់បានី អាហ្សង់ទីន ប៉ាឡេស្ទីន ម៉ាសេដ្វានខាងជើង ព័រទុយហ្គាល់ និងម៉ុងតេណេក្រូ” លោក ធីឃី បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន។ “បង្អួច និងទ្វារត្រូវបានបំបែកនៅក្នុងអគារនោះ។”

ប្រទេសព័រទុយហ្គាល់បានឱ្យដឹងថាអគាររបស់ខ្លួនទទួលរងការខូចខាតបន្តិចបន្តួច និងបានកោះហៅអ្នកទទួលបន្ទុកកិច្ចការរុស្ស៊ីមកតវ៉ា។

ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថាខ្លួនបានបាញ់មីស៊ីលចម្ងាយឆ្ងាយទៅលើគោលដៅយោធាអ៊ុយក្រែននៅថ្ងៃសុក្រ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនទៅលើរោងចក្រគីមីនៅតំបន់រ៉ូស្តូវរបស់រុស្ស៊ីកាលពីដើមសប្តាហ៍នេះ។ ការវាយប្រហារនោះត្រូវបានអនុវត្តដោយប្រើមីស៊ីល ATACMS ផលិតនៅអាមេរិក។

“ជាការឆ្លើយតបទៅនឹងសកម្មភាពរបស់របបគីវ ដែលត្រូវបានគាំទ្រដោយអ្នកគ្រប់គ្រងលោកខាងលិច នៅព្រឹកនេះការវាយប្រហារជាក្រុមដោយអាវុធសុក្រឹតរយៈចម្ងាយឆ្ងាយត្រូវបានចាប់ផ្តើមប្រឆាំងនឹងបញ្ជាការដ្ឋាន SBU ការិយាល័យរចនា Kyiv Luch ដែលរចនា និងផលិតប្រព័ន្ធមីស៊ីល Neptune មីស៊ីលគ្រូស Olkha និងទីតាំងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Patriot” ក្រសួងការពារជាតិរុស្ស៊ីបានសរសេរនៅលើ Telegram៕

ប្រភព៖ CNN