ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ មកទល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ខេត្តបន្ទាយមានជ័យបានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍០១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ក្រោមអធិបតីភាពលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
កម្មវិធីធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជនស.ស.យ.ក ,កាយរិទ្ធ កាកបាទក្រហម យុវជនអភិវឌ្ឍន៍ខេត្ត យុវជនស្រឡាញ់សន្តិភាព និងតំណាងអ្នកផ្ទុកមេរោគអេដស៍ ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលបន្ទាយមានជ័យបានអោយដឹងថា ៖ តាមរបាយការណ៍របស់អង្គការ UNAIDS នៅឆ្នាំ២០១២ បានបង្ហាញថានៅលើសកលលោកទាំងមូលមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៣៤លាននាក់ ក្នុងនោះមនុស្សឆ្លងថ្មីមានប្រមាណ ២លាននាក់ ក្នុង១ឆ្នាំ និងមនុស្សប្រមាណ ១.៧លាននាក់ក្នុង១ឆ្នាំបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ដ៏កាចសាហាវនេះ។
សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងឆ្លងតាមការអង្កេត អត្រាប្រេវ៉ាឡង់របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ បានបង្ហាញឱ្យឃើញថានៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៨ មានប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ នៅលើមនុស្សពេញវ័យអាយុពី ១៥ ទៅ៤៩ ឆ្នាំមានចំនួន ១.៧% ហើយមានការថយចុះមកត្រឹម០.៧% នៅឆ្នាំ ២០១៣ និងបានបន្តថយចុះមកនៅត្រឹម ០.៦% នៅឆ្នាំ២០១៤ ដល់ ឆ្នាំ២០២៣ ហើយបន្តថយចុះមកត្រឹម ០.៥% នៅឆ្នាំ២០២៤ នេះ។
បើតាមប្រធានមន្ទីរសុខាភិបាលខេត្ត ៖ ការថយចុះនៃអត្រាប្រេវ៉ាឡង់ជំងឺអេដស៍នេះ បានបង្ហាញអោយឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាពហុ វិស័យក្នុងការចូលរួមទប់ស្កាត់នូវការរីករាលដាលនេះ ហើយសំរាប់ខេត្តបន្ទាយមានជ័យ ។
កន្លងមកដោយមានកិច្ចសហការគ្នាយ៉ាងសកម្មរវាងស្ថាប័នរដ្ឋ អង្គការជាតិ និងអន្តរជាតិ ស្ថាប័នឯកជននានា ដែលក្នុងនោះ មានយុទ្ធសាស្ត្រធំៗ៣សំខាន់ដើម្បីអាចទប់ស្កាត់ និងឆ្ពោះទៅបញ្ចប់អេដស៍បានគឺ១-វិធានការការពារ, ២-ការព្យាបាលថែទាំបន្តដល់អ្នកផ្ទុកមេរោគអេដស៍នឹងជំងឺអេដស៍និង៣-ការគ្រប់គ្រងផ្នែកសម្របសម្រួល ។
ក្នុងឱកាសនោះ លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍន៍នៅកម្ពុជាក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ធ្នូ និងអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមប្ដេជ្ញាចិត្តដ៏មោះមុតជាមួយអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឆ្ពោះទៅលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ឲ្យជោគជ័យនៅឆ្នាំ២០២៥ខាងមុខ ៕