ព័ត៌មានជាតិ

អភិបាលខេត្តបានក្រើនរំលឹកដល់មាតាបិតាត្រូវជំរុញឲ្យកូនចៅរៀនសូត្រពីចំណេះជំនាញដើម្បីមានអនាគតល្អ

ដោយ៖ឧត្តរ

ឧត្តរមានជ័យ÷ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា កូនៗស្ថិតនៅក្នុងវ័យសិក្សាមានតែការខិតខំប្រឹងប្រឹងប្រែងសិក្សារៀនសូត្រប៉ុណ្ណោះ ទើបកូនមានចំណេះ កូនមានជំនាញ គឺកូនៗមានអនាគតល្អ ក្នុងការស់នៅក្នុងសង្គមមួយដែលកំពុងមានការអភិវឌ្ឍន៍ តម្រូវការកម្លាំងយុវជនដែលមានសមត្ថភាពជាអ្នកដឹកនាំបន្តវេន។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤ ដែលទទូលលទ្ធផលនិទ្ទេសAចំនួន៨នាក់។នៅក្នុងនោះម្នាក់ៗទទួលបានរង្វាន់លើកទឹកចិត្តម៉ូតូម៉ាកHonda wave ១គ្រឿង នៅសាលាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្តមអភិបាលខេត្តបន្តថា ការប្រគល់រង្វាន់ម៉ូតូម្នាក់ៗមួយគ្រឿងនាពេលនេះ គឺជារង្វាន់លើកទឹកចិត្តមួយ សម្រាប់កូនៗដែលមានការខិតខំប្រឹងប្រែងរៀនសូត្រទទូលបាននិទ្ទេសល្អនេះ ទុកជាមធ្យោបាយធ្វើដំណើរការសិក្សានៅថ្នាក់ឧត្តមសិក្សាបន្តទៀត។

លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា សិស្សដែលជាបេក្ខជន ចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០២៤ មានសរុប១៧៥០នាក់។ហើយសិស្សប្រឡងជាប់ ចំនួន១៤៣៩នាក់ ស្រី៧៩៣នាក់ ក្នុងនោះនិទ្ទេសA ចំនួន៨នាក់ ស្រី ៣នាក់។និទ្ទេសB ចំនួន ១០២នាក់ ស្រី ៥៩នាក់។និទ្ទេស C ចំនួន ២៩២នាក់ ស្រី ១៧៩នាក់។និទ្ទេសD ចំនួន៥៨០នាក់ ស្រី ៣១៣នាក់និងនិទ្ទេសE ចំនួន៤៥៧នាក់ ស្រី ២៣៩នាក់៕