ដោយ៖ព្រះអង្គខ្មៅ
បាត់ដំបង÷ សមត្ថកិច្ច និងមន្ត្រីជំនាញ បានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃវល្លិរមៀតមួយកន្លែងក្នុងភូមិសាស្ត្រស្រុកសំឡូត ដោយឃាត់ខ្លួនបានជនបរទេសចំនួន ៣នាក់។
កម្លាំងទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើស្រុករតនមណ្ឌល នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤កន្លងមកនេះបានឆ្មក់ចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃវល្លិរមៀតខុសច្បាប់មួយកន្លែង ឋិតនៅត្រង់ចំណុចសៃឡូ ក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។ យុទ្ធនាការបង្ក្រាបទប់ស្កាត់នេះកម្លាំងអាវុធហត្ថបានឃាត់ខ្លួនបុរសជនជាតិចិនចំនួន ៣នាក់ផងដែរនៅនឹងកន្លែង។
ដោយឡែកវត្ថុតាងដែលពាក់ព័ន្ធក្នុងការដកហូតរួមមាន៖ សាក់សឺរ ចំនួន ១គ្រឿង, ម៉ាស៊ីនកិនវល្លិរមៀតចំនួន ២គ្រឿង, ម៉ាស៊ីនភ្លើង ១គ្រឿង, ម៉ូតូ ១គ្រឿង ព្រមទាំងម្សៅចម្រាញ់ពីវល្លិ័រមៀតមួយចំនួនផងដែរ។
បទល្មើសជាក់ស្តែងខាងលើនេះកម្លាំងកងរាជអាវុធហត្ថបានអនុវត្តវិធានការប្រគល់ទាំងមនុស្ស ក៏ដូចជាវត្ថុតាងទៅឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ ចាត់ការតាមនីតិវិធីបន្ត៕