ព័ត៌មានជាតិ

វឌ្ឍនភាពការងារឆ្នាំ២០២៤និងអនុវត្តផែនការសកម្មភាពថវិកាឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានប្រជុំបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២៤និងអនុវត្តផែនការសកម្មភាពថវិកាឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពីអស់លោក លោកស្រី សមាជិកសាខា និងក្រុមមន្ត្រីប្រត្តិបត្តិសាខា។នេះបើតាមនាយកប្រតិបត្តិសាខាបានអោយដឹងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាបានដឹកនាំកិច្ចប្រជុំនោះ ។

សមាជិកក្រុមប្រតិបត្តិបានធ្វើការលើកឡើងផ្អែកតាមលទ្ធភាពកៀរគរ ចំណូលប្រចាំឆ្នាំរបស់សាខាកាកបាទក្រហមខេត្ត និងអនុវត្តយោងតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា សាខាបានរៀបចំផែនការសកម្មភាព និងថវិកាស្របតាមវិស័យអាទិភាព គឺវិស័យអាទិភាពការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ វិស័យអាទិភាពសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ វិស័យអាទិភាពការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងវិស័យអាទិភាពការអភិវឌ្ឍន៍ស្ថាប័នជាដើម។

បើតាមលោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានកោតសរសើរដោយស្មោះចំពោះ សមាជិក សមាជិកា ក្រុមមន្ត្រីប្រតិបត្តិសាខា រយៈកន្លងមកក៏ដូចជាបច្ចុប្បន្ន បានខិតខំបំពេញការងារស្នូលរបស់ខ្លួនទទួលបានជោគជ័យ ជាពិសេសលើវិស័យជាអាទិភាពចំបងជាងគេគឺ វិស័យមនុស្សធម៌ ទីណាមានប្រជាពលរដ្ឋក្រលំបាក ទទួលរងគ្រោះ ងាយរងគ្រោះ នោះគឺមានកាកបាទក្រហមចុះជួយជានិច្ច ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ៕