ប្រែសម្រួល៖ ស-សម្បត្តិ
នាយឧត្តមសេនីយ៍ Igor Kirillov ដែលជាប្រធានកងកម្លាំងការពារវិទ្យុសកម្ម ជីវសាស្ត្រ និងគីមីរបស់រុស្ស៊ី ត្រូវបានសម្លាប់ដោយគ្រាប់បែកដែលត្រូវបានដាក់នៅក្នុងកង់អគ្គិសនី នៅខាងក្រៅអគារផ្ទះល្វែងមួយ ដែលស្ថិតនៅចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃវិមានក្រឹមឡាំង។ នេះបើយោងតាមគណៈកម្មការស៊ើបអង្កេតរបស់រុស្ស៊ី។
ការផ្ទុះនេះកើតឡើងមួយថ្ងៃក្រោយពីព្រះរាជអាជ្ញាអ៊ុយក្រែនបានកាត់ទោសលោក Kirillov ដោយកំបាំងមុខ ចំពោះការប្រើប្រាស់អាវុធគីមីហាមឃាត់របស់រុស្ស៊ីក្នុងអំឡុងពេលនៃការឈ្លានពាន។ ប្រភពមួយដែលបានដឹងអំពីប្រតិបត្តិការនេះបានប្រាប់ CNN ថា សេវាសន្តិសុខអ៊ុយក្រែន (SBU) នៅពីក្រោយការវាយប្រហារនេះ។
“លោក Kirillov គឺជាឧក្រិដ្ឋជនសង្គ្រាម និងជាគោលដៅស្របច្បាប់ដោយសារគាត់បានចេញបញ្ជាឱ្យប្រើប្រាស់សារធាតុគីមីហាមឃាត់ប្រឆាំងនឹងកងទ័ពអ៊ុយក្រែន” ប្រភពនោះបានប្រាប់ CNN។ “ទីបញ្ចប់ដ៏អាម៉ាស់បែបនេះនឹងកើតមានចំពោះអ្នកទាំងអស់ដែលសម្លាប់ប្រជាជនអ៊ុយក្រែន។ ការសងសឹកចំពោះឧក្រិដ្ឋកម្មសង្គ្រាមគឺមិនអាចជៀសផុតឡើយ។”
លោក Kirillov ដែលមានអាយុ ៥៤ ឆ្នាំ គឺជាមន្ត្រីយោធាជាន់ខ្ពស់បំផុតដែលត្រូវបានគេដឹងថាត្រូវបានសម្លាប់ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ជំនួយការរបស់គាត់ដែលប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានឱ្យឈ្មោះថា Ilya Polikarpov ក៏ត្រូវបានសម្លាប់ក្នុងការផ្ទុះនៅផ្លូវ Ryazansky ដែរ។
វីដេអូមួយដែល CNN ទទួលបានពីប្រភពដែលបានដឹងអំពីប្រតិបត្តិការនេះ បានបង្ហាញពីនាទីមុនពេលបុរសទាំងពីរត្រូវបានសម្លាប់ក្នុងការផ្ទុះ។ គេអាចមើលឃើញរូបរាងដែលទំនងជាកង់អគ្គិសនីនៅខាងស្តាំនៃទ្វារអគារលំនៅដ្ឋាន។ នៅពេលដែលបុរសទាំងពីរដើរចេញមកក្រៅ និងឆ្ពោះទៅកាន់រថយន្ត គ្រាប់បែកបានផ្ទុះ ហើយអេក្រង់បានភ្លឺជាពណ៌ស។
គ្រាប់បែកមានកម្លាំងផ្ទុះស្មើនឹង TNT ប្រមាណ ៣០០ ក្រាម នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS។ ក្រុមការងារ CNN នៅមូលដ្ឋានក្រោយមកបានឃើញស្នាមផ្ទុះនៅមាត់ទ្វារចូលអគារលំនៅដ្ឋាន ដែលត្រូវបានហ៊ុមព័ទ្ធដោយអ្នកស៊ើបអង្កេត។
គណៈកម្មការស៊ើបអង្កេតរបស់រុស្ស៊ីបានចាប់ផ្តើមការស៊ើបអង្កេតលើការវាយប្រហារនេះ ដោយហៅវាថាជា “អំពើភេរវកម្ម”។
SBU របស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា មានករណីប្រើប្រាស់គ្រាប់បែកគីមីរបស់រុស្ស៊ីជាង ៤,៨០០ ករណី ត្រូវបានកត់ត្រាតាមបញ្ជារបស់លោក Kirillov ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ជាពិសេសគ្រាប់បែកដែលមានផ្ទុកសារធាតុគីមីរំខាន។
CNN ធ្លាប់បានរាយការណ៍អំពីការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែករបស់រុស្ស៊ីជាអាវុធនៅក្នុងប្រទេសអ៊ុយក្រែន។
មុនពេលស្លាប់ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពរដ្ឋាភិបាលរបស់លោក Kirillov ចំពោះការប្រើប្រាស់អាវុធគីមី chloropicrin ប្រឆាំងនឹងកងទ័ពនៅក្នុងប្រទេសអ៊ុយក្រែន។
Chloropicrin ដែលប៉ះពាល់ដល់ភ្នែក ស្បែក បំពង់ក និងសួត ត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់ជាឧស្ម័នបង្ហូរទឹកភ្នែកក្នុងអំឡុងសង្គ្រាមតាមជើងទឹកនៃសង្គ្រាមលោកលើកទី១។ វាត្រូវបានហាមឃាត់នៅឆ្នាំ១៩៩៣ ក្រោមអនុសញ្ញាអាវុធគីមី (CWC) ដែលរុស្ស៊ីជាភាគីហត្ថលេខី។
ក្រសួងការបរទេសអាមេរិកបានថ្លែងកាលពីខែឧសភាថា រុស្ស៊ីបានប្រើប្រាស់អាវុធបែបនេះ “ដើម្បីបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីមូលដ្ឋានការពារ និងទទួលបានជោគជ័យផ្នែកយុទ្ធសាស្ត្រនៅសមរភូមិ។”
ចក្រភពអង់គ្លេសក៏បានដាក់ទណ្ឌកម្មលោក គីរីឡូវ កាលពីខែតុលា ដោយសារ “ការប្រើប្រាស់អាវុធគីមីព្រៃផ្សៃ” នៅក្នុងប្រទេសអ៊ុយក្រែន។
អស់រយៈពេលជិតបីឆ្នាំនៃសង្គ្រាម លោក គីរីឡូវ បានធ្វើការចោទប្រកាន់គ្មានមូលដ្ឋានជាទៀងទាត់អំពីការប្រើប្រាស់អាវុធគីមីដោយអ៊ុយក្រែន។ ចក្រភពអង់គ្លេសបានចោទប្រកាន់លោក គីរីឡូវ ថាជា “អ្នកនាំពាក្យសំខាន់សម្រាប់ព័ត៌មានមិនពិតរបស់ក្រឹមឡាំង។”
នៅខែតុលា ឆ្នាំ២០២២ នៅពេលដែលអ៊ុយក្រែនចាប់ផ្តើមរំដោះទឹកដីក្នុងតំបន់ខេសុន និងកន្លែងផ្សេងទៀត ដោយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការឈ្លានពានរបស់រុស្ស៊ី លោក គីរីឡូវ បានធ្វើការចោទប្រកាន់គ្មានមូលដ្ឋានថា អ៊ុយក្រែនកំពុងរៀបចំផ្ទុះ “គ្រាប់បែកកខ្វក់” ដោយបញ្ចេញសារធាតុវិទ្យុសកម្មនៅលើទឹកដីខ្លួនឯង។ លោកបានថ្លែងថា “ការងារនេះស្ថិតនៅដំណាក់កាលចុងក្រោយហើយ។”
នៅខែវិច្ឆិកាឆ្នាំនេះ លោកបានអះអាងថា គោលបំណងសំខាន់មួយនៃការវាយលុកចូលតំបន់ឃឺស្ក(Kursk)របស់រុស្ស៊ីដោយអ៊ុយក្រែន គឺដើម្បីកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរឃឺស្ក។
ឃាតកម្មលើលោក គីរីឡូវ គឺជាការវាយប្រហារចុងក្រោយបំផុតក្នុងចំណោមការវាយប្រហារដោយគោលដៅលើមន្ត្រីយោធារុស្ស៊ី។ កាលពីខែមុន មន្ត្រីជាន់ខ្ពស់នៃកងនាវាសមុទ្រខ្មៅ លោក វ៉ាឡេរី ត្រាន់កូវស្គី ត្រូវបានសម្លាប់ក្នុងការបំផ្ទុះរថយន្តនៅក្រីមែអាយដែលត្រូវបានកាន់កាប់។ ឃាតកម្មនេះត្រូវបានអនុវត្តដោយសេវាសន្តិសុខអ៊ុយក្រែន បើតាមប្រភពមួយនៅក្នុងទីភ្នាក់ងារបានប្រាប់ CNN។
ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន មិនទាន់បានធ្វើការអត្ថាធិប្បាយជាសាធារណៈនៅឡើយទេ ប៉ុន្តែមន្ត្រីរុស្ស៊ីជាច្រើនបានឆ្លើយតបដោយខឹងសម្បាយ៉ាងខ្លាំងចំពោះការស្លាប់របស់លោក គីរីឡូវ។
លោក ឌីមីត្រី មេដវេដេវ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានធ្វើការវាយប្រហារយ៉ាងខ្លាំងលើថ្នាក់ដឹកនាំយោធា និងនយោបាយអ៊ុយក្រែនកាលពីថ្ងៃអង្គារ ដោយថ្លែងថា៖ “ស្ថាប័នអនុវត្តច្បាប់ត្រូវតែស្វែងរកឃាតកនៅក្នុងប្រទេសរុស្ស៊ី ហើយត្រូវធ្វើអ្វីគ្រប់យ៉ាងដើម្បីបំផ្លាញអ្នកប្រព្រឹត្តិដែលនៅក្នុងទីក្រុងគីវ។”
លោក កុនស្តង់ទីន កូសាចេវ សមាជិកព្រឹទ្ធសភានៃសហព័ន្ធ និងជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេស បាននិយាយថា លោកមានការភ្ញាក់ផ្អើលដោយសារ “ការបាត់បង់ដែលមិនអាចជួសជុលបាន” របស់លោក គីរីឡូវ។
លោកបានសរសេរនៅលើ Telegram ថា “ឃាតកនឹងត្រូវទទួលទោស។ ដោយគ្មានការសង្ស័យ និងគ្មានការមេត្តា។”
លោក អាន់ដ្រេ ការតាប៉ូឡូវ សមាជិកសភាដូម៉ា បាននិយាយថា អ្នកដែលពាក់ព័ន្ធនឹងការសម្លាប់លោក គីរីឡូវ “នឹងត្រូវរកឃើញ និងទទួលទោស។”
លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយថា លោក គីរីឡូវ បាន “បង្ហាញយ៉ាងជាប្រព័ន្ធនូវឧក្រិដ្ឋកម្ម” របស់លោកខាងលិចអស់រយៈពេលជាច្រើនឆ្នាំ ដោយយោងទៅលើទ្រឹស្តីឃុបឃិតមួយចំនួន រួមទាំង “សកម្មភាពសម្លាប់មនុស្សរបស់មន្ទីរពិសោធជីវសាស្ត្រអាមេរិកនៅអ៊ុយក្រែន” ដែលត្រូវបានបដិសេធជាបន្តបន្ទាប់។
លោកស្រី ហ្សាខារ៉ូវ៉ា ក៏បានវាយប្រហារលើលោកខាងលិច ដោយមិនបញ្ជាក់ឈ្មោះប្រទេសជាក់លាក់ណាមួយ ដោយថ្លែងនៅក្នុងការប្រកាសនៅលើ Telegram កាលពីថ្ងៃអង្គារថា៖ “អ្នកទាំងអស់ដែលស្វាគមន៍ការវាយប្រហារភេរវកម្ម ឬដោយចេតនារក្សាភាពស្ងៀមស្ងាត់ គឺជាសមគំនិត… ភាពស្ងៀមស្ងាត់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺជាសញ្ញាច្បាស់លាស់នៃអំពើពុករលួយ។”
លោក ម៉ាក ហ្គាឡេអូទី អ្នកវិភាគជាន់ខ្ពស់ផ្នែករុស្ស៊ី បាននិយាយថា ទោះបីជាការឃាតកម្មលើលោក គីរីឡូវ គឺជា “ការអាម៉ាស់” មួយទៀតចំពោះកងកម្លាំងសន្តិសុខរបស់ក្រឹមឡាំង ប៉ុន្តែវានឹងមិនមានឥទ្ធិពលធំទៅលើកិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ខ្លួនទេ។
លោកបានប្រាប់ CNN ថា “គ្មានគាត់នៅទីនោះ មានអ្នកផ្សេងឡើងមកជំនួស។ នោះជាធម្មជាតិនៃខ្សែបញ្ជាការ។”
ទោះជាយ៉ាងណា ការកំណត់គោលដៅមន្ត្រីយោធាជាន់ខ្ពស់ថ្មីៗរបស់អ៊ុយក្រែនបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្រ្តដែលត្រូវបានរៀបចំឡើងដើម្បីធ្វើឱ្យជនជាន់ខ្ពស់រុស្ស៊ីមិនស្រួលចិត្ត លោកបាននិយាយ។
“ដោយខ្លួនឯង នេះមិនមែនជាការបញ្ចប់សង្គ្រាមទេ ប៉ុន្តែវាបង្ហាញពីការពិតដែលថា មានក្រុមមួយដ៏សំខាន់ ជាពិសេសកងកម្លាំងមន្ត្រីរុស្ស៊ី ដែលមិនសប្បាយចិត្តជាមួយនឹងសង្គ្រាម” លោកបាននិយាយ។ ការវាយប្រហាររបស់អ៊ុយក្រែន “ផ្ញើសារ” ថាការគាំទ្រការឈ្លានពានមានតម្លៃត្រូវបង់។
លោកស្រី វិចតូរៀ ប៊ូតិនកូ លោកស្រី ក្លែរ សេបាស្ទៀន លោក ជៀនលូកា មេហ្សូហ្វៀរេ លោកស្រី កាតារីន នីកូលស៍ លោក បិនចាមីន ប្រោន លោកស្រី ម៉ារីយ៉ា ណៃ និងលោក ហ្សាហ៊ីដ ម៉ាហ្មូដ បានរួមចំណែកក្នុងការរាយការណ៍នេះ៕