ព័ត៌មានជាតិ

ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមមិនអាចខ្វះនូវកិច្ចចូលរួមចំណែករបស់ពលរដ្ឋមូលដ្ឋានឡើយ

ដោយ៖កំចាយ

កំពត÷អភិបាលខេត្តកំពតបានក្រើនរម្លឹកថារាល់ការភិវឌ្ឍន៍របស់សង្គមជាតិត្រូវការចាំបាច់នូវកិច្ចចូលរួមចំណែកពីប្រជាពលរដ្ឋមូលដ្ឋាន។ ការបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទោះតិចក្តីច្រើនក្តីជាកត្តាសំខាន់ក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានចុះពិនិត្យផលប៉ះពាល់ចំពោះប្រជាពលរដ្ឋសម្រាប់គម្រោងស្ថាបនា និងពង្រីកផ្លូវនៅឃុំល្បើក ស្រុកឈូក។

នៅចំពោះមុខប្រជាពលរដ្ឋ លោកអភិបាលខេត្តបានមានប្រសាសន៍ថា ការចូលរួមបរិច្ចាគធនធានបន្តិចបន្តួចដែលរងផលប៉ះពាល់ពីការពង្រីកផ្លូវដើម្បីប្រយោជន៍រួមជាចំណែកសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងសង្គមជាតិ។ ពេលក្នុងភូមិឃុំមានផ្លូវធំទូលាយល្អ នោះមូលដ្ឋាននឹងមានការអភិវឌ្ឍន៍ជឿនលឿន ហើយរីកចម្រើនឆាប់រហ័ស។ លោក ម៉ៅ ធនិន បានបន្តថា ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រប់មូលដ្ឋានតែងទទួលបាននូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធ ព្រោះកត្តាផ្លូវថ្នល់ជាសរសៃឈាមសេដ្ឋកិច្ចសម្រាប់តំបន់នីមួយៗ។ លោកអភិបាលខេត្តបានអំពាវនាវថា ក្រុមហ៊ុនស្ថាបនាផ្លូវត្រូវពិនិត្យលទ្ធភាពក្នុងការដោះស្រាយសំណងផ្សេងៗជូនពលរដ្ឋដែលរងផលប៉ះពាល់ឲ្យបានសមរម្យ។ ម្យ៉ាងទៀត ពេលកំពុងស្ថាបនា ក្រុមហ៊ុនចាំបាច់ត្រូវតែស្រោចទឹកឲ្យបានញឹកញយដើម្បីបញ្ចៀសការហុយដីដែលបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ។ ដោយឡែក មេភូមិ មេឃុំ អភិបាលស្រុក ពិសេសមេប៉ុស្តិ៍មូលដ្ឋាន និងអធិការស្រុកត្រូវគិតគូរសុខទុក្ខ និងបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរបំផុត៕