ប្រែសម្រួល៖ ស-សម្បត្តិ
តូក្យូ៖ រ៉ុក្កែតអវកាសដែលផលិតដោយក្រុមហ៊ុនបង្កើតថ្មីរបស់ជប៉ុនបានហោះហើរនៅថ្ងៃពុធ (ថ្ងៃទី១៨ ខែធ្នូ) ប៉ុន្តែក្រោយមកត្រូវបានគេឃើញវិលចុះក្រោមនៅចម្ងាយឆ្ងាយ ខណៈដែលក្រុមហ៊ុនបានប្រកាសថាការប៉ុនប៉ងបញ្ចេញរ៉ុក្កែតនេះបានបរាជ័យ។
នេះគឺជាការប៉ុនប៉ងលើកទីពីររបស់ក្រុមហ៊ុន Space One ក្នុងការក្លាយជាក្រុមហ៊ុនឯកជនដំបូងគេរបស់ប្រទេសដែលអាចដាក់ផ្កាយរណបចូលគន្លង បន្ទាប់ពីការប៉ុនប៉ងលើកទីមួយកាលពីខែមីនាបានបញ្ចប់ដោយការផ្ទុះនៅលើអាកាស។
លើកនេះ រ៉ុក្កែត Kairos ដែលប្រើប្រេងឥន្ធនៈរឹងរបស់ក្រុមហ៊ុន បានដឹកជញ្ជូនផ្កាយរណបចំនួនប្រាំ រួមទាំងផ្កាយរណបមួយរបស់ទីភ្នាក់ងារអវកាសតៃវ៉ាន់ និងផ្កាយរណបផ្សេងទៀតដែលរចនាឡើងដោយនិស្សិត និងសហគ្រាសពាណិជ្ជកម្មជប៉ុន។
ទស្សនិកជនដែលប្រមូលផ្តុំគ្នានៅក្បែរវេទិកាបញ្ចេញរ៉ុក្កែត Spaceport Kii របស់ក្រុមហ៊ុន នៅតំបន់វ៉ាកាយ៉ាម៉ាភាគខាងលិចប្រទេសជប៉ុន បានសម្តែងការខកចិត្តរបស់ពួកគេទៅកាន់កាមេរ៉ាទូរទស្សន៍។
“ខ្ញុំភ្ញាក់ផ្អើលណាស់” ស្ត្រីម្នាក់បាននិយាយបន្ទាប់ពីក្រុមហ៊ុនបានប្រកាសអំពីការបរាជ័យ។ “ខ្ញុំបានសង្ឃឹមថាវានឹងចូលទៅក្នុងគន្លង។”
របាយការណ៍ព័ត៌មានបានបង្ហាញពីរ៉ុក្កែតពណ៌សស្តើងកម្ពស់ ១៨ ម៉ែត្រ ហោះហើរឡើងទៅលើមេឃ។
លើកនេះមិនមានការផ្ទុះដ៏អស្ចារ្យទេ – មិនដូចកាលពីខែមីនា ពេលដែលរ៉ុក្កែតដែលដឹកផ្កាយរណបសាកល្បងខ្នាតតូចរបស់រដ្ឋាភិបាល ត្រូវបានបញ្ជាឱ្យបំផ្លាញខ្លួនឯងដោយសារបញ្ហាបច្ចេកទេស ក្រោយពេលបញ្ចេញបានប៉ុន្មានវិនាទី។
ក្រុមហ៊ុន Space One បាននិយាយថា ខ្លួននឹងធ្វើសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃពុធដើម្បីពិភាក្សាអំពីការបរាជ័យចុងក្រោយរបស់ខ្លួន។
“រ៉ុក្កែត Kairos ត្រូវបានបញ្ចេញ… ប៉ុន្តែរ៉ុក្កែតបានបញ្ឈប់ការហោះហើររបស់ខ្លួន បន្ទាប់ពីវាយតម្លៃថាការសម្រេចបេសកកម្មរបស់ខ្លួននឹងមានការលំបាក” ក្រុមហ៊ុនបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា ព័ត៌មានលម្អិតកំពុងស្ថិតក្រោមការស៊ើបអង្កេត។
Space One ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ដោយក្រុមហ៊ុននានារួមមាន Canon Electronics, IHI Aerospace, ក្រុមហ៊ុនសំណង់ Shimizu និងធនាគារអភិវឌ្ឍន៍ជប៉ុនដែលគ្រប់គ្រងដោយរដ្ឋាភិបាល។
ក្រុមហ៊ុនមានបំណងបង្កើតសេវាកម្មបញ្ចេញផ្កាយរណប ដើម្បីទាញយកតម្រូវការសកលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
ក្រុមហ៊ុនឯកជននានានិយាយថា ពួកគេអាចផ្តល់ឱកាសរុករកអវកាសដែលមានតម្លៃថោកជាង និងញឹកញាប់ជាងរដ្ឋាភិបាល។
Space One សង្ឃឹមថានឹងធ្វើតាមគំរូក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែលមានកិច្ចសន្យាជាមួយ NASA និងក្រសួងការពារជាតិអាមេរិក។
ទីភ្នាក់ងារអវកាសជប៉ុន (JAXA) ក៏កំពុងមានបេសកកម្មក្លាយជាតួអង្គសំខាន់មួយសម្រាប់ការបញ្ចេញផ្កាយរណបផងដែរ។
ប្រព័ន្ធបញ្ចេញរ៉ុក្កែតជំនាន់ថ្មី H3 របស់ JAXA បានជួបប្រទះការបរាជ័យក្នុងការហោះហើរច្រើនដង មុនពេលទទួលបានជោគជ័យក្នុងការបញ្ចេញនៅខែកុម្ភៈ។
ក៏នៅក្នុងឆ្នាំនេះដែរ ប្រទេសជប៉ុនបានដាក់យានអវកាសគ្មានមនុស្សបើកលើព្រះចន្ទ – ទោះបីជាក្នុងស្ថានភាពទ្រេតក៏ដោយ – ដែលធ្វើឱ្យខ្លួនក្លាយជាប្រទេសទីប្រាំដែលសម្រេចបានការចុះចតដោយសុវត្ថិភាពលើផ្ទៃព្រះចន្ទ។
ប៉ុន្តែ JAXA បានពន្យារពេលបញ្ចេញរ៉ុក្កែតប្រេងឥន្ធនៈរឹងខ្នាតតូច Epsilon S បន្ទាប់ពីការធ្វើតេស្តម៉ាស៊ីនថ្មីៗនេះបានបណ្តាលឱ្យមានអគ្គិភ័យធំមួយ៕
ប្រភព៖ AFP/ec