សេដ្ឋកិច្ច

ផលិតផលខ្មែរ អាចដាក់លក់នៅក្នុងទីផ្សារអន្តរជាតិលើប្រព័ន្ធ Proxtera Trade Portal

ភ្នំពេញ៖ធនាគារ អេស៊ីលីដា បានបើកវគ្គហ្វឹកហ្វឺនបុគ្គលិកជំនាញរបស់ខ្លួន អំពីសេវាហិរញ្ញវត្ថុអន្តរជាតិ កម្ពុជា-សិង្ហបុរី និងបណ្ដាប្រទេសដទៃទៀត ដែលជាសមាជិករបស់គម្រោង ច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) ដើម្បីផ្ដល់នូវការយល់ដឹងបន្ថែម និងណែនាំលម្អិតអំពីរបៀបបំពេញទម្រង់ផ្សេងៗនៅលើប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិមួយនេះ។

វគ្គហ្វឹកហ្វឺនរយៈពេលពីរថ្ងៃ១៦-១៧ ខែធ្នូ ឆ្នាំ២០២៤នៅការិយាល័យកណ្តាលអេស៊ីលីដា មានការចូលរួមពីសិក្ខាកាមជាបុគ្គលិកជំនាញនៅនាយកដ្ឋានទីផ្សារ នាយកដ្ឋានសេវាហិរញ្ញវត្ថុ នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល ការិយាល័យសេវាឥណទាន ការិយាល័យហិរញ្ញប្បទានពាណិជ្ជកម្ម ការិយាល័យទិន្នន័យឥណទាន មកពីសាខាធនាគារ អេស៊ីលីដាទូទាំងប្រទេស និងតំណាងសហគ្រាសធុនតូច និងមធ្យមជាច្រើនរូបទៀត ដោយមានការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ពីសំណាក់អ្នកជំនាញផ្នែកសេវាហិរញ្ញវត្ថុអន្តរជាតិមកពីប្រទេសសិង្ហបុរីផងដែរ។

ច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) គឺជាគំនិតផ្ដួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា ជាមួយនឹងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ក្នុងគោលបំណងចែករំលែកនូវព័ត៌មានហិរញ្ញវត្ថុ និងការជ្រើសរើសសហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមនៅក្នុងប្រព័ន្ធមជ្ឈមណ្ឌលហិរញ្ញវត្ថុ Proxtera Trade Portal សម្រាប់ការធ្វើពាណិជ្ជកម្មឆ្លងដែន (ទិញ-លក់ផលិតផល ឬទំនិញ) តាមប្រព័ន្ធអនឡាញបានយ៉ាងងាយស្រួល និងប្រកបដោយទំនុកចិត្តខ្ពស់ រវាងប្រទេសកម្ពុជា និងសិង្ហបុរី រួមជាមួយនឹងបណ្ដាប្រទេសផ្សេងទៀត។

បច្ចុប្បន្ន ប្រទេសដែលបានចូលរួមនៅក្នុងប្រព័ន្ធមជ្ឈមណ្ឌលហិរញ្ញវត្ថុ Proxtera Trade Portal រួមមាន ប្រទេសកម្ពុជា, សិង្ហបុរី, ហ្វីលីពីន, អូស្ត្រាលី និងរវ៉ាន់ដា ជាដើម។

យោងតាមធនាគារអេស៊ីលីដា បានឱ្យដឹងថា៖ជាមួយគម្រោង FTC សហគ្រិន ឬអ្នកតំណាងក្រុមហ៊ុននៅកម្ពុជា អាចដាក់លក់ និងនាំចេញផលិតផលទំនិញ ឬវត្ថុធាតុដើម ទៅក្រៅប្រទេសតាមរយៈការបញ្ជាទិញពីដៃគូនៅក្នុងទីផ្សារអន្តរជាតិលើប្រព័ន្ធ Proxtera Trade Portal។

ផលិតផល ដែលអាចលក់បាននៅលើប្រព័ន្ធ Proxtera Trade Portal គឺត្រូវតែជាប្រភេទផលិតផល ឬទំនិញ ដែលមានលក្ខណស្របតាមស្ដង់ដារអន្តរជាតិ និងច្បាប់ នៃប្រទេសនីមួយៗ។ ក្នុងនោះ ផលិតផលខ្មែរ ដែលអាចដាក់លក់បានរួមមាន៖ គ្រឿងទេស, ផលិតផលកសិកម្ម និងចំណីអាហារកែច្នៃ សម្លៀកបំពាក់ស្បែកជើង គ្រឿងសិល្បៈ គ្រឿងស្មូន គ្រឿងសង្ហារឹម និងផលិតផលផ្សេងទៀត។

សេវាហិរញ្ញវត្ថុអន្តរជាតិ សម្រាប់គាំទ្រដល់សហគ្រិនអាចធ្វើពាណិជ្ជកម្មឆ្លងដែន (ទិញ-លក់ផលិតផលទំនិញ)តាមប្រព័ន្ធអនឡាញ បានយ៉ាងឆាប់រហ័ស រវាងប្រទេសកម្ពុជា-សិង្ហបុរីនិងប្រទេសផ្សេងៗទៀតតាមប្រព័ន្ធ Proxtera Trade Portal។ប្រព័ន្ធនេះធានាសុវត្ថិភាពខ្ពស់ ក្នុងការលក់ផលិតផលទំនិញ និងការទូទាត់ប្រាក់ តាមប្រព័ន្ធធនាគារ អេស៊ីលីដា។

គួរបញ្ជាក់ថា៖ទំនិញខ្មែរដែលអាចដាក់លក់បានតាមប្រព័ន្ធ Proxtera Trade Portal រួមមមាន៖ គ្រឿងទេស (ម្រេច ម្ទេស ល្មៀត ខ្ទឹម…) អង្ករ ទឹកឃ្មុំ អំបិល បន្លែ ផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ (ចន្ទី ពោត សណ្តែក ល្អ កាហ្វេ…) ម្សៅអង្ករ-ម្សៅពោត ប្រេងធញ្ញជាតិ (ប្រេងដូង ប្រេងសណ្តែក ប្រេងល្ង..) ប្រហិត សាច់ក្រក សាច់គោ សាច់ជ្រូក ត្រី អាហារសមុទ្រកក អាហារចម្អិតភ្លាមៗ (តែ កាហ្វេ មី សាច់មាន់បំពង…) សំលៀកបំពាក់ និងស្បែកជើង គ្រឿងសិល្បៈ គ្រឿងស្មូន គ្រឿងសង្ហារឹម។ល។