ព័ត៌មានជាតិ

បុណ្យសមុទ្រ៣ថ្ងៃក្នុងក្រុងកំពតមានសំរាមជិត៤០០តោនត្រូវបានដឹកចេញបន្តបន្ទាប់

ដោយ៖ កំចាយ

កំពត÷ ជាមួយភ្ញៀវទេសចរជិត៤០ម៉ឺននាក់ដែលបានចូលមកកម្សាន្តក្នុងពិធីបុណ្យសមុទ្រ៣ថ្ងៃបានធ្វើឲ្យក្រុងកំពតកើតមានកាកសំណល់ប្រមាណ៤០០តោន។ អនុវត្តតាមការតាំងចិត្ត កម្មករសម្អាតអនាម័យបានបំពេញការងារទាំងយប់ថ្ងៃដោយប្រមូល និងដឹកសំរាមចេញមិនឲ្យកកស្ទះដែលនាំដល់បង្កភាពធុញទ្រាន់សម្រាប់ភ្ញៀវនោះ។

លោក សួន សុភក្តិ អគ្គនាយកក្រុមហ៊ុនកំពតហ្គ្រីនបានបញ្ជាក់ថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រកន្លងទៅនេះ បុគ្គលិក និងកម្មកររបស់ក្រុមហ៊ុនបានយកចិត្តទុកដាក់ក្នុងការសម្អាតអនាម័យបរិស្ថាននៅសួនច្បារឆ្នេរព្រែកកំពង់បាយ រង្វង់មូលរូបសំណាកផ្លែទុរេន និងបណ្តាដងផ្លូវ ព្រមទាំងទីសាធារណ:សំខាន់ៗទូទាំងក្រុងកំពត។ កម្លាំងរបស់ក្រុមហ៊ុនលះបង់បែបនេះព្រោះតែមានបំណងចូលរួមធ្វើឲ្យព្រឹត្តិការណ៍បុណ្យសមុទ្រទទួលជោគជ័យលើផ្នែកអនាម័យបរិស្ថានដោយគ្មានសំរាមកកស្ទះ ឬរាយប៉ាយពាសវាលពាសកាល។ លោកអគ្គនាយក្រុមហ៊ុនបានបន្តថា រយ:ពេល៣ថ្ងៃ សំរាមដែលកម្មករប្រមូល និងដឹកជញ្ជូនចេញទាំងយប់ថ្ងៃមានបរិមាណជិត៤០០តោន។ ក្នុងនាមក្រុមហ៊ុន លោកស្នើសុំឲ្យមានកិច្ចសហការកាន់តែល្អប្រសើរបន្ថែមទៀតពីអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមប្រើប្រាស់សេវាប្រមូលសំរាមដើម្បីក្រុងកំពតកាន់តែស្អាត គ្មានសំរាមរាយប៉ាយនៅគ្រប់ច្រកល្ហក។ បច្ចុប្បន្នទើបតែមានពលរដ្ឋចំនួន៣.១០០គ្រួសារប៉ុណ្ណោះក្នុងចំណោមអ្នកក្រុងកំពត៨.៣៥០គ្រួសារដែលបាន និងកំពុងសហការប្រើប្រាស់សេវាប្រមូលសំរាមជាមួយក្រុមហ៊ុនកំពតហ្រ្គីន ពោលគឺស្មើនឹង៤៦ភាគរយនៅឡើយ។

និស្សិតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពតដែលបានចូលរួមសម្អាតអនាម័យបរិស្ថានជាមួយអាជ្ញាធរកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានរៀបរាប់ថា សាលាបានតម្រូវឲ្យពួកប្អូនៗមកចូលរួមសម្អាតអនាម័យនៅទីសាធារណ:ជាមួអាជ្ញាធរ។ ប៉ុន្តែ ពេលមកដល់ ប្អូនៗបានឃើញគ្រប់ទីកន្លែងមានភាពល្អស្អាតស្ទើរ១០០ភាគរយទៅហើយ។ ក្រុមនិស្សិតបានបញ្ជាក់ថា ពួកប្អូនរីករាយ និងពេញចិត្តពេលឃើញការរៀបចំបុណ្យសមុទ្រលើកទី១១ក្នុងក្រុងកំពតពោរពេញដោយអនាម័យបរិស្ថានស្អាត មិនមានសំរាមទាំងលើគោក ក៏ដូចជាក្នុងដងព្រែក។ ប្អូនៗសូមកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ ពិសេសក្រុមហ៊ុនប្រមូលសំរាមដែលបានខិតខំសម្អាតទាំងថ្ងៃយប់ដើម្បីធ្វើឲ្យក្រុងកំពតស្រស់ស្អាតជានិច្ច៕