ដោយ : បន្ទាយ
ភ្នំពេញ ៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ាពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។
យោងមន្ត្រីគម្រោងបានឲ្យដឹងថា: ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គ្រោងបញ្ចប់ការសាងសង់មុនផែនការប្រមាណ៤ខែ ពោលនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។
សូមរំលឹកថា ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ក្រោយមានការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីដោះស្រាយការកកស្ទះចរាចរ។
ស្ពានអាកាសថ្មីនេះ ត្រូវបានលោក ឃួង ស្រេង និងលោកស្រី អញ្ជើញជាអធិបតីក្រុងពាលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដី កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា។
លុះនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ត្រូវបានអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីតភ្ជាប់តួស្ពាន។
ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយគ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។
ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅរំហូរចរាចរពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែន ពីអាកាសយានដ្ឋានថ្មីខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញនិងទី២ទៀតអាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ១ចូលមករាជធានីភ្នំពេញផងដែរ។
គម្រោងស្ពានអាកាសថ្មីនេះ មានការសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។
ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នាទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហុយ, ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ៕