អន្តរជាតិ

ទាហានកូរ៉េខាងជើងយ៉ាងហោចណាស់៣០នាក់ត្រូវបានសម្លាប់និងរបួសនៅតំបន់ឃឺស្កនៃប្រទេសរុស្ស៊ី

ប្រែសម្រួល៖ ស-សម្បត្តិ
ក្រុងគីវ៖ កាលពីថ្ងៃចន្ទ (១៦ ធ្នូ) អ៊ុយក្រែនបានថ្លែងថា កងទ័ពរបស់ខ្លួនបានសម្លាប់ និងធ្វើឱ្យរបួសទាហានកូរ៉េខាងជើងយ៉ាងហោចណាស់ ៣០នាក់ ដែលត្រូវបានប្រទេសរុស្ស៊ីបញ្ជូនទៅកាន់តំបន់ឃឺស្កភាគខាងលិច ជាតំបន់ដែលអ៊ុយក្រែនបានកាន់កាប់ទឹកដីមួយចំនួន។

ទាហានរាប់ពាន់នាក់មកពីប្រទេសកូរ៉េខាងជើងបានមកពង្រឹងកងកម្លាំងរុស្ស៊ី រួមទាំងនៅតំបន់ព្រំដែនឃឺស្ក ដែលរុស្ស៊ីកំពុងព្យាយាមយកទឹកដីមកវិញ បន្ទាប់ពីការវាយប្រហារដោយមិនបានរំពឹងទុកពីកងកម្លាំងអ៊ុយក្រែននារដូវក្តៅកន្លងទៅ។

ការិយាល័យស៊ើបការណ៍យោធាអ៊ុយក្រែនបានថ្លែងថា “នៅថ្ងៃទី១៤ និងទី១៥ ធ្នូ កងទ័ពមកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្បែរភូមិផ្លេខូវ៉ូ វ៉ូរ៉ូស្បា និងម៉ាទីណូវកា ក្នុងតំបន់ឃឺស្កនៃប្រទេសរុស្ស៊ី – យ៉ាងហោចណាស់មានទាហាន ៣០នាក់ត្រូវបានសម្លាប់ និងរបួស។”

កងទ័ពទាំងនោះកំពុង “ត្រូវបានបំពេញបន្ថែមដោយកម្លាំងថ្មី” មកពីកូរ៉េខាងជើង ដែលមន្ត្រីលោកខាងលិចប៉ាន់ស្មានថាបានបញ្ជូនទាហានយ៉ាងហោចណាស់ ១០,០០០នាក់ ដើម្បីជួយទីក្រុងមូស្គូ។

រុស្ស៊ី និងកូរ៉េខាងជើងបានពង្រឹងកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ ចាប់តាំងពីការឈ្លានពានរបស់ក្រុងមូស្គូមក។

លោកប្រធានាធិបតី សេឡេនស្គី បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា រុស្ស៊ីបានចាប់ផ្តើមដាក់ពង្រាយ “កម្លាំងដ៏គួរឱ្យកត់សម្គាល់” នៃទាហានកូរ៉េខាងជើងក្នុងការវាយប្រហារដើម្បីរុញច្រានកងទ័ពអ៊ុយក្រែនចេញពីតំបន់ឃឺស្ក។

លោកបានថ្លែងថា យោងតាមព័ត៌មានរបស់លោក “រុស្ស៊ីបានដាក់បញ្ចូល (ទាហានកូរ៉េខាងជើង) ក្នុងកងកម្លាំងចម្រុះ និងប្រើប្រាស់ពួកគេក្នុងប្រតិបត្តិការនៅតំបន់ឃឺស្ក” ដែលជាកន្លែងដែលអ៊ុយក្រែនបានធ្វើការវាយលុកចូលកាលពីខែសីហា។

លោក សេឡេនស្គី បានបន្ថែមថា លោកក៏បានឮថាទាហានកូរ៉េខាងជើង “អាចនឹងត្រូវបានប្រើប្រាស់នៅផ្នែកផ្សេងទៀតនៃខ្សែប្រយុទ្ធ” ហើយថា “ការបាត់បង់ក្នុងចំណោមក្រុមនេះក៏គួរឱ្យកត់សម្គាល់ដែរ”។

ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងកាលពីសប្តាហ៍មុនថា កងទ័ពរបស់ខ្លួនបានកាន់កាប់តំបន់តូចៗមួយចំនួននៅតំបន់ឃឺស្កឡើងវិញ។
កាលពីខែមុន ប្រភពយោធាអ៊ុយក្រែនបានប្រាប់សារព័ត៌មាន AFP ថា ក្រុងគីវគ្រប់គ្រងទឹកដីទំហំ ៨០០ គីឡូម៉ែត្រការ៉េនៅទីនោះ ធ្លាក់ចុះពីការអះអាងមុនៗដែលថាខ្លួនគ្រប់គ្រងប្រមាណ ១,៤០០ គីឡូម៉ែត្រការ៉េ៕
ប្រភព៖ AFP/l