ប្រែសម្រួល៖ស-សម្បត្តិ
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនបានថ្លែងនៅថ្ងៃអង្គារ (១៧ ធ្នូ) ថា ប៉េកាំងនិងវ៉ាស៊ីនតោនអាចសម្រេចបាន “កិច្ចការដ៏អស្ចារ្យជាច្រើន” ប្រសិនបើពួកគេធ្វើការរួមគ្នា មុនពេលពិធីសប្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតដូណាល់ ត្រាំ នៅខែក្រោយ។
ប៉ុន្តែ លោក វ៉ាង យី ប្រមុខការទូតជាន់ខ្ពស់ក៏បានព្រមានផងដែរអំពីអ្វីដែលលោកហៅថា “ការជ្រៀតជ្រែកគ្រាតគ្រាត” របស់សហរដ្ឋអាមេរិកលើបញ្ហាតៃវ៉ាន់។
ប្រទេសមហាអំណាចសេដ្ឋកិច្ចធំពីរនៅលើពិភពលោកបានប៉ះទង្គិចគ្នាលើបញ្ហាជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចាប់ពីពាណិជ្ជកម្មនិងបច្ចេកវិទ្យា រហូតដល់សិទ្ធិមនុស្ស និងការបង្ហាញឥរិយាបថកាន់តែមុតស្រួចរបស់ចិនចំពោះកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង។
លោក វ៉ាង បានថ្លែងថា គោលនយោបាយរបស់ចិនចំពោះសហរដ្ឋអាមេរិក “មិនបានផ្លាស់ប្តូរទេ” ក្នុងពេលថ្លែងសុន្ទរកថានៅថ្ងៃអង្គារនៅទីក្រុងប៉េកាំង ដែលឆ្លុះបញ្ចាំងពីការងារការទូតរបស់ប្រទេសក្នុងឆ្នាំកន្លងមក និងការរំពឹងទុករបស់ខ្លួនសម្រាប់អនាគត។
លោកបានថ្លែងថា ក្រុមការងារសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងគ្រឿងញៀនឆ្លងដែន “បានបង្ហាញយ៉ាងពេញលេញថា ដរាបណាចិននិងសហរដ្ឋអាមេរិកសហការគ្នា យើងអាចសម្រេចបាននូវកិច្ចការដ៏អស្ចារ្យជាច្រើន”។
ទោះយ៉ាងណាក៏ដោយ លោកក៏បានថ្លែងឡើងវិញនូវការព្រមានអំពីតៃវ៉ាន់ ដោយថ្លែងថា ប៉េកាំង “ប្រឆាំងយ៉ាងម៉ឹងម៉ាត់ចំពោះការបង្ក្រាបដែលខុសច្បាប់និងមិនសមហេតុផលដោយសហរដ្ឋអាមេរិក ជាពិសេសការជ្រៀតជ្រែកដ៏អាក្រក់របស់ខ្លួនក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន” រួមទាំងស្ថានភាពរបស់កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង។
“យើងត្រូវតែមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់និងរឹងមាំ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់យើង និងការពារបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ” លោក វ៉ាង បានថ្លែង។
ចិនអះអាងថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងមិនបោះបង់ការប្រើកម្លាំងដើម្បីយកវាមកវិញនៅថ្ងៃណាមួយឡើយ ខណៈដែលសហរដ្ឋអាមេរិកមានការរៀបចំយូរអង្វែងក្នុងការផ្តល់មធ្យោបាយដល់តៃប៉ិដើម្បីការពារខ្លួន។
មន្ត្រីតៃវ៉ាន់បាននិយាយកាលពីសប្តាហ៍មុនថា ចិនបានធ្វើសមយុទ្ធសមុទ្រធំបំផុតជុំវិញកោះនេះក្នុងរយៈពេលប៉ុន្មានឆ្នាំ ដោយបានដាក់ពង្រាយនាវាប្រហែល ៩០ គ្រឿង ពីតំបន់ជិតកោះភាគខាងត្បូងនៃប្រទេសជប៉ុន ដល់សមុទ្រចិនខាងត្បូង និងធ្វើការសាកល្បងវាយប្រហារលើនាវាបរទេស និងការរារាំងផ្លូវសមុទ្រ។
ប៉េកាំងមិនដែលបញ្ជាក់អំពីការហ្វឹកហាត់នេះទេ ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា “ទោះបីយើងធ្វើការហ្វឹកហាត់ឬអត់ និងពេលណាដែលយើងធ្វើវា គឺជាការសម្រេចចិត្តរបស់យើងតែម្នាក់ឯង”។
ទំនាក់ទំនងចិន-អាមេរិកអាចនឹងកាន់តែអាក្រក់ទៅៗបន្ទាប់ពីលោកត្រាំចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ដោយប្រធានាធិបតីជាប់ឆ្នោតបានប្តេជ្ញាដាក់ពន្ធនាំចូលបន្ថែមទៀត ដើម្បីដាក់ទណ្ឌកម្មអ្វីដែលលោកហៅថាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ដោយចិន ដែលប៉េកាំងបដិសេធយ៉ាងម៉ឺងម៉ាត់។
លោក វ៉ាង បានថ្លែងថា ប៉េកាំងសង្ឃឹមថា រដ្ឋបាលត្រាំនឹង “ធ្វើការជ្រើសរើសត្រឹមត្រូវ ធ្វើការជាមួយចិនក្នុងទិសដៅដូចគ្នា លុបបំបាត់ការរំខាន យកឈ្នះឧបសគ្គ និងខិតខំប្រឹងប្រែងដើម្បីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព សុខភាពល្អ និងនិរន្តរភាព”។
• “ភាពចលាចលនិងការផ្លាស់ប្តូរ”
ប៉ុន្តែលោក វ៉ាង ក៏បានប្រើសុន្ទរកថារបស់លោកដើម្បីគូររូបភាពកាន់តែងងឹតនៃពិភពលោកដែលកាន់តែមានជម្លោះផងដែរ។
«ពិភពលោកកំពុងប្រឈមនឹងភាពចលាចល និងការផ្លាស់ប្តូរដែលត្រូវបានផ្សារភ្ជាប់គ្នា ដោយមានជម្លោះភូមិសាស្ត្រនយោបាយកាន់តែអូសបន្លាយ និងរីករាលដាល ហើយការផ្តាច់ខ្លួនចេញពីគ្នា និងការរាំងស្ទះខ្សែចង្វាក់ផ្គត់ផ្គង់កាន់តែមានសភាពធ្ងន់ធ្ងរឡើង» លោកបានមានប្រសាសន៍។
«ក្នុងការប្រឈមមុខនឹងភាពចលាចល និងជម្លោះជាសកល ប្រទេសចិននឹងនៅតែជាកម្លាំងមួយសម្រាប់សន្តិភាព» លោកបានបន្ថែម។
លោក វ៉ាង បានរំលេចពីកិច្ចការទូតរបស់ប៉េកាំងក្នុងឆ្នាំកន្លងទៅ ដោយកត់សម្គាល់ពីការសម្របសម្រួលរបស់ខ្លួនកាលពីខែកក្កដា នូវកិច្ចព្រមព្រៀង «សាមគ្គីភាពជាតិ» រវាងក្រុមប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាស និងក្រុមហ្វាតា ដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សារួមគ្នា បន្ទាប់ពីសង្គ្រាមនៅទីនោះបញ្ចប់។
ទាក់ទងនឹងស៊ីរី ដែលក្រុមបះបោរដឹកនាំដោយក្រុមសាសនាអ៊ីស្លាមហាយ៉ាត់ តារីរ អាល់-សាម បានផ្តួលរំលំការគ្រប់គ្រងរយៈពេលវែងរបស់លោក បាសារ អាល់-អាសាដ នៅខែនេះ លោក វ៉ាង បានមានប្រសាសន៍ថា ចិននឹង «បន្តឈរជាមួយប្រជាជនស៊ីរី និងគាំទ្រគោលការណ៍នៃភាពជាអ្នកដឹកនាំ និងម្ចាស់ការរបស់ស៊ីរី»។
«(យើង) ប្រឆាំងនឹងកម្លាំងភេរវកម្មដែលឆ្លៀតឱកាសស្ថានការណ៍បង្កភាពចលាចល និងគាំទ្រស៊ីរីក្នុងការការពារអធិបតេយ្យភាព និងស្តារស្ថិរភាពឡើងវិញ» លោកបានបន្ថែម។
លោក វ៉ាង ក៏បានមានប្រសាសន៍ផងដែរថា ចិននឹងរក្សា «ការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកយុទ្ធសាស្ត្រកម្រិតខ្ពស់» ជាមួយរុស្ស៊ី ទោះបីជាមានការរិះគន់យ៉ាងទូលំទូលាយពីប្រទេសលោកខាងលិចថា ប៉េកាំងបានផ្តល់ការគាំទ្រផ្នែកទូត និងសេដ្ឋកិច្ចដល់ទីក្រុងម៉ូស្គូ ក្នុងការធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែនក៏ដោយ៕
ប្រភព៖ AFP/lh