ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ទទួលបានពាក្យបណ្ដឹងពីឈ្មោះស៊ុន ចិន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាពូបង្កើតរបស់ជនរងគ្រោះឈ្មោះ ជ.រ.ស អាយុ១៤ឆ្នាំ រស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។គាត់បានប្ដឹងចោទប្រកាន់លើឈ្មោះសន វិសា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅឃុំម៉ាឡៃ ស្រុកម៉ាឡៃ ពីបទរំលោភលំនៅដ្ឋាន និងប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មួយស្រី កាលពីវេលាម៉ោង១១និង២៥នាទី ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២៤ នៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។
ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង១៤ ថ្ងៃដដែល ហើយនាំមកកាន់មូលដ្ឋានស្រុកម៉ាឡៃដើម្បីធ្វើការសួរនាំ។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងនៅថ្ងៃទី១៦ខែធ្នូថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ រួចចាប់នាងឱបថើប ច្របាច់ដោះនាងពិតប្រកដមែន។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឱ្យដឹងថា :ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបានបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕