ព័ត៌មានជាតិ

សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូមួយខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ៩ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ព្រំដែនកម្ពុជា-ឡាវ

ដោយ៖សុខុម

ស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២៤ មន្ទីរជំនាញបានរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូមួយខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ ៩ ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ឆ្ពោះទៅកាន់ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ដែលមានប្រវែង ៣.៥០០ម៉ែត្រ។

ផ្លូវមួយខ្សែនេះពីមុនគឺជាផ្លូវក្រាលក្រួសក្រហម ពិបាកក្នុងការធ្វើដំណើរ ពោលគឺនៅរដូវប្រាំងដីហុយនិងរដូវវស្សាបែកភក់មានប្រវែងដល់ទៅជាង៣០គីឡូម៉ែត្រ។ ដោយមើលឃើញពីសក្តានុពលតំបន់ទេសចរណ៍ដ៏ទាក់ទាញនៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងទឹកធ្លាក់សុភ័ក្រមិត្រ ស្រុកឆែប ខេត្តព្រះវិហារ ស្ថិតក្នុងតំបន់ជាប់ព្រំដែនកម្ពុជា ឡាវ។ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនតែងធ្វើដំណើរទៅកម្សាន្តនៅតំបន់នោះ។

នៅឆ្នាំ២០២៤ តាមរយៈការស្នើសុំពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង ក្រសួងសាធារណការក៏បានសម្រេចឲ្យប្រើប្រាស់លទ្ធភាពកញ្ចប់ថវិការដ្ឋចាក់ក្រាលកៅស៊ូបានជំហានទី១ប្រវែង ៣.៥០០ម៉ែត្រ ដែលទើបនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។នៅសល់ជាង២០គីឡូម៉ែត្រទៀតគឺជាផ្លូវដីហុយនៅឡើយ។

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដែលបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវប្រវែង ៣.៥០០ម៉ែត្រកាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងដែលខិតខំសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា ផ្លូវនេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលមានតូនាទីយ៉ាងសំខាន់សម្រាប់តភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ដ៏មានសក្តានុពលសម្រាប់ទេសចរក្នុងស្រុកនិងទេសចរក្រៅប្រទេស។

នៅក្នុងពិធីសម្ពោធនោះដែរ លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងក៏បានបញ្ជាក់អំពីសារសំខាន់ដែលមិនអាចកាត់ថ្លៃបាននៃកំណាត់ផ្លូវមួយខ្សែនេះ។

លោកសរ គឹមណាត ក៏បានសំណូមពរទៅដល់ក្រសួងពាក់ព័ន្ធជាពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមជួយទម្លាក់កញ្ចប់ថវិកាបន្ថែមដើម្បីស្ថាបនាកំណាត់ផ្លូវដែលនៅសេសសល់ដើម្បីទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបានស្រួលនិងជួយបម្រើដល់វិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕