ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១និង១៥នាទីព្រឹក បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ីម សុខហៃ នាយរងផ្នែក ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ០៤នាក់ ( ស្រី ០១នាក់) ដែលខ្វះប្រកាសបណ្តេញចេញ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ។
ប្រភពព័ត៌មានបានឲ្យដឹងថា: យោងបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ត្រូវប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រថាប់ត្រា(លើខិតឆ្លងដែន)ហាមចូលប្រទេសកម្ពុជារយៈពេល០៥ឆ្នាំ។
បន្ទាប់មក មន្ត្រីនគរបាលអន្តោប្រវេសន៍កម្ពុជាបានប្រគល់ជនជាតិថៃទាំងនោះ ជូនលោកស្រីអនុសេនីយ៍ឯកច័ន្ទយ៉ាម៉ន រឿងស្រីបួរ ( Ms CHANYAMON RUEANGSRIBUA ) ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕