ប្រែសម្រួល៖ស្រីស្រស់
នៅដើមរដូវកាល មានមនុស្សតិចតួចណាស់ដែលគិតថាក្រុម នតធីងហាម ហ្វូរេស្ត អាចប្រកួតប្រជែងសម្រាប់កៅអី Top-four ប៉ុន្តែបន្ទាប់ពីជ័យជម្នះ ២-១ លើក្រុម Aston Villaកាលពីថ្ងៃសៅរ៍ គ្រូបង្វឹកក្រុមវីឡា លោក អូណៃ អេមេរី ចាត់ទុកពួកគេជាគូប្រជែងពិតប្រាកដក្នុងការប្រណាំងឈានទៅកាន់កៅអីក្នុងពានChampions League។
គ្រាប់បាល់ឈ្នះនៅចុងម៉ោងរបស់ អេឡាងហ្គា នៅកីឡដ្ឋាន City Ground បានជួយឱ្យក្រុម ហ្វូរេស្ត ឡើងទៅលេខ៤ នៅក្នុងតារាង Premier League ដោយមាន ២៨ ពិន្ទុ នាំមុខក្រុមវីឡា ៣ ពិន្ទុ ដែលស្ថិតនៅលេខ៦ ហើយតាមពីក្រោយក្រុម អាសេណល នៅលេខ៣ តែ ២ ពិន្ទុប៉ុណ្ណោះ។
លោក អេមេរី បានថ្លែងប្រាប់អ្នកកាសែតថា៖ “យើងកំពុងស្ថិតក្នុងដំណើរការមួយ ហើយយើងត្រូវតែយល់ពីរឿងនេះ… យើងមាន ២៥ ពិន្ទុដូចគ្នានឹងក្រុម នតធីងហាម ហ្វូរេស្ត។ ពួកគេគឺជាគូប្រជែងរបស់យើងឥឡូវនេះ។”
“ជាការពិតណាស់ ការស្ថិតក្រោមសម្ពាធគឺកាន់តែពិបាក ហើយនេះជាដំណើរការដែលយើងត្រូវតែព្យាយាមរៀនសូត្រ និងទាញយកបទពិសោធ… យើងបានបាត់បង់ឱកាសល្អមួយនៅថ្ងៃនេះ។ យើងត្រូវព្យាយាមរក្សាស្ថិរភាពនៅក្នុងតារាង។”
ក្រុមវីឡា ដែលបញ្ចប់នៅលេខ៤ កាលពីរដូវកាលមុនក្រោមការដឹកនាំរបស់លោក អេមេរី នឹងត្រូវទទួលក្រុមម្ចាស់ជើងឯកការពារតំណែង មេនឆេស្ទ័រ ស៊ីធី នៅថ្ងៃទី២១ ខែធ្នូ ខណៈដែលក្រុម ហ្វូរេស្ត នឹងធ្វើដំណើរទៅលេងទឹកដី ប្រិនហ្វត នៅថ្ងៃដូចគ្នា៕
ប្រភព៖ Reuters