ប្រែសម្រួល៖ ស-សម្បត្តិ
ប្រធានាធិបតីយូន ស៊ូក យុល នៃប្រទេសកូរ៉េខាងត្បូង កំពុងស្ថិតក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស និងមានរយៈពេលខ្លី កាលពីថ្ងៃទី៣ ខែធ្នូ ដែលនាំឱ្យមានការចោទប្រកាន់អំពីការបះបោរ ការរំលោភអំណាច និងការរារាំងសិទ្ធិ។
ព្រះរាជអាជ្ញាបានចេញដីកាកោះហៅលោកយូនឱ្យមកសាកសួរនៅថ្ងៃទី១៥ ខែធ្នូ ប៉ុន្តែលោកមិនបានចូលរួម។ ដីកាកោះហៅលើកទីពីរត្រូវបានរំពឹងថានឹងចេញ ហើយលោកយូន ដែលត្រូវបានសភាទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី១៤ ខែធ្នូ ត្រូវបានព្យួរតំណែងប្រធានាធិបតីបណ្តោះអាសន្ន រង់ចាំសាលក្រមរបស់តុលាការរដ្ឋធម្មនុញ្ញស្តីពីការទម្លាក់តំណែងរបស់លោក ដែលត្រូវដោះស្រាយក្នុងរយៈពេល១៨០ថ្ងៃ។
នាយករដ្ឋមន្ត្រីហាន ដាក់-ស៊ូ បានឡើងកាន់តំណែងជាមេដឹកនាំបណ្តោះអាសន្ន។ ក្នុងការបង្ហាញពីស្ថិរភាព លោកហានបាននិយាយជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលបានបញ្ជាក់ឡើងវិញអំពីភាពរឹងមាំនៃសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង និងបានសរសើរពីភាពធន់នៃប្រជាធិបតេយ្យកូរ៉េខាងត្បូង។ ក្នុងពេលជាមួយគ្នានេះ លោកហានបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នផ្នែកយោធាប្រឆាំងនឹងកូរ៉េខាងជើង ដែលមិនទាន់បានធ្វើអត្ថាធិប្បាយអំពីចលាចលនយោបាយនេះនៅឡើយ។
ការប្រកាសច្បាប់អាជ្ញាសឹក ដែលមានការដាក់ពង្រាយកងទ័ព១,៥០០នាក់នៅទីក្រុងសេអ៊ូល បានបង្កឱ្យមានការតវ៉ាយ៉ាងទូលំទូលាយ។ ក្រុមបាតុករដែលគាំទ្រ និងប្រឆាំងនឹងការទម្លាក់តំណែងលោកយូន នៅតែបន្តជួបជុំគ្នាក្នុងចំនួនច្រើន។
លោកលី ជេ-ម្យុង មេដឹកនាំគណបក្សប្រឆាំង បានជំរុញឱ្យតុលាការរដ្ឋធម្មនុញ្ញពន្លឿនដំណើរការ ដោយសង្កត់ធ្ងន់លើតម្រូវការកាត់បន្ថយអស្ថិរភាពជាតិ និងទទួលខុសត្រូវចំពោះអ្នកដែលពាក់ព័ន្ធ។
មន្ត្រីយោធាជាន់ខ្ពស់ដែលពាក់ព័ន្ធនឹងបទបញ្ជាច្បាប់អាជ្ញាសឹក ក៏កំពុងប្រឈមនឹងការចាប់ខ្លួនផងដែរ ដែលបង្ហាញពីភាពធ្ងន់ធ្ងរនៃការចោទប្រកាន់។ ស្ថានភាពនេះបានដាក់ស្ថាប័នប្រជាធិបតេយ្យ និងមតិសាធារណៈរបស់កូរ៉េខាងត្បូងក្រោមសម្ពាធយ៉ាងខ្លាំង ខណៈពេលដែលប្រទេសកំពុងរង់ចាំការវិវត្តន៍បន្ថែម៕