សន្ដិសុខសង្គម

ឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ករណីសមគំនិតអំពើហិង្សាដោយចេតនានិងកាន់កាប់អាវុធគ្មានការអនុញ្ញាត

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ នៅចំណុចបន្ទប់ជួលភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថស្រុកថ្មពួក បានចុះស្រាវជ្រាវបង្ក្រាបករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ។

ករណីខាងលើបង្កឡើងដោយជនសង្ស័យឈ្មោះភួង ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិតាឡី ឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យនិងបក្ខពួកចំនួន០២នាក់ទៀតបានគេចខ្លួន។ ទោះជាយ៉ាងណា នៅវេលាម៉ោង១៩ថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចស្រាវជ្រាវ និងស្នើដីកាចាប់ឃាត់ខ្លួន ។

លោកវរសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានឱ្យដឹងកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២៤ថា : ជនសង្ស័យត្រូវឃាត់ខ្លួនម្នាក់ ឈ្មោះ រិន សៃយន្ត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក គឺក្រោយទទួលបានពាក្យបណ្តឹង ពីឈ្មោះ រួម ទាប ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ព្រមទាំងដកហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1T-3559 ចំនួន០១គ្រឿង, ២.កាំបិតដងឈើ ចំនួន១ដើម, ៣.ដាវដងដែករុំកៅស៊ូ  ចំនួន០១ដើម, ៤.ដាវដងដែករុំខ្សែ ចំនួន០១ដើម, ៥.ទូរសព្ទដៃម៉ាក IPHONE X ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង។

លោកវរសេនីយ៍ត្រី អ៊ុក សូរផុន បានបន្តទៀតថា : ជនសង្ស័យឈ្មោះ រិន សៃយន្ត តែងតែឆាតផ្តល់ព័ត៌មានឱ្យជនសង្ស័យឈ្មោះ ភួង ជីវ័ន្ត និងបក្ខពួកដែលបានគេចខ្លួនមិនឱ្យមកចូលបន្ទប់ជួលរបស់ខ្លួនទៀតទេ ។
ក្រោយពីក្រុមជនសង្ស័យទាំងនេះបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ពុន សាវ័ន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។

នៅថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៤ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕