ដោយ : បន្ទាយ
បន្ទាយមានជ័យ : មួយរយៈពេលនាដើមខែធ្នូ ឆ្នាំ២០២៤ នេះ ដោយមានបទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងអាវុធហត្ថតាមបណ្ដាមូលដ្ឋានខណ្ឌទាំង១៤ បានចុះបង្ក្រាប និងទប់ស្កាត់ក្រុមក្មេងទំនើង ។
មន្ត្រីអាវុធហត្ថបានឲ្យដឹងកាលពីថ្ងៃទី១២ខែធ្នូ២០២៤ ថា: បានចុះបង្ក្រាប និងទប់ស្កាត់ក្រុមក្មេងទំនើងនៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាប់ជាប្រចាំដូចភ្លៀងរលឹម ។
ក្នុងនោះ បានចាត់វិធានការអប់រំ លើក្មេងទំនើងសរុប ៨៧នាក់ ដែលបានប្រមូលផ្តុំគ្នាកណ្តាលអធ្រាត្រមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ ក្នុងនោះមានក្មេងទំនើង ៣នាក់ ដែលធ្លាប់ជាសមាជិកក្រុមក្មេងទំនើង” TEAM 98 ” តែដោយសមត្ថកិច្ចតាមចាប់ក្រុមនេះពេក ក៏បានបំបែកក្រុម និងប្តូរឈ្មោះមកជា ” TEAM មុខព្រលានវិញ “ ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញក្នុងខណ្ឌកំបូល ធ្វើការឃាត់ខ្លួននិងយកមកអប់រំតាមវិធានការរដ្ឋបាល ។
មន្ត្រីបន្តថា: ក្រុមនេះមានប្រវត្តិធ្លាប់ពាក់ព័ន្ធនឹងជម្លោះដេញវាយគ្នា ជាមួយក្រុមទំនើងផ្សេងទៀតជាច្រើនលើក ជាពិសេសសមាជិកមួយចំនួនធ្លាប់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការផងដែរ ៕