កីឡា

លោក Pep Guardiola កំពុងតែឈឺក្បាលអំពីកីឡាករដែលអវត្តមានច្រើនដោយសាររបួស

ប្រែសម្រួល៖ តារា

តារាងរបួសនៃក្រុមនៅPremier League បានបង្ហាញថា មានក្រុមចំនួន៦ ដែលមានស្ថានភាពអាក្រក់ជាងក្រុម Man City ដែលកំពុងជួបវិបត្តិនារដូវកាលនេះ ខណៈដែល Pep Guardiola បានរអ៊ូរទាំនិងឈឺក្បាលអំពីកីឡាករដែលអវត្តមាន… ដូច្នេះ តើក្រុមណានៅលេខ១?

ក្រុម Manchester City នឹងប៉ះក្រុមគូប្រជែងក្នុងតំបន់ Manchester United នៅចុងសប្តាហ៍នេះក្នុងការប្រកួតដឺប៊ី Manchester ដោយចូលទៅប្រកួតក្នុងទម្រង់លេងមិនល្អ ជួបបញ្ហារបួស និងស្ថិតក្នុងវិបត្តិបន្តិច។

ក្រុមរបស់ Pep Guardiola បានឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម១០ប្រកួតចុងក្រោយ ចាញ់៧ប្រកួត និងឋិតនៅលេខ៤ក្នុងតារាង Premier League។ នេះជាលទ្ធផលគួរឱ្យគោរព ប៉ុន្តែបច្ចុប្បន្នពួកគេកំពុងមើលទៅក្រោយជាជាងមើលទៅមុខ។

ការបាត់បង់ម្ចាស់ពានរង្វាន់ Ballon d’Or Rodri គឺជាការខាតបង់ធំ។ ពួកគេបានជួបការលំបាកក្នុងការរកអ្នកជំនួសរូបគេ ខណៈដែលអ្នកជំនួសរបស់គេ Mateo Kovacic ក៏កំពុងរងរបួសដែរ។

Guardiola បានរអ៊ូរទាំអំពីអវត្តមានរបស់ Rodri ខណៈដែលក៏បានលើកឡើងអំពីបញ្ហាសុខភាពរបស់ Phil Foden – កីឡាករឆ្នើមប្រចាំឆ្នាំមុន – នៅរដូវកាលនេះ។ Foden បានចាប់ផ្តើមលេងតែ៦ប្រកួតប៉ុណ្ណោះក្នុងចំណោម១៥ប្រកួតនៃ Premier League មកទល់ពេលនេះ។

បន្ទាប់មកមាន Nathan Ake, Manuel Akanji, John Stones, Oscar Bobb។ នេះមិនមែនជាស្ថានភាពល្អទេ។ ប៉ុន្តែហេតុអ្វីបានជាត្អូញត្អែរច្រើនម្លេះ?

តារាងរបួសនៃ Premier League ដែលផ្តល់ដោយ Sky Sports បង្ហាញថា មានក្រុមចំនួន៥ ដែលមានស្ថានភាពអាក្រក់ជាងក្រុម City នៅរដូវកាលនេះ – រួមទាំងក្រុមមួយដែលនៅខាងលើពួកគេ។

តារាងបង្ហាញថា City មានកីឡាកររបួសចំនួន១៤នាក់នៅរដូវកាលនេះ ដែលបណ្តាលឱ្យកីឡាករខកខានការប្រកួតមួយឬច្រើន។ នេះតិចជាងក្រុម Aston Villa មួយនាក់ និងតិចជាងក្រុម Tottenham និង Arsenal ពីរនាក់ ខណៈដែលក្រុម Ipswich និង Brighton នៅលេខ១ដោយមានកីឡាកររបួស១៧នាក់ស្មើគ្នា។ West Ham មានកីឡាកររបួសតិចជាងគេ – ៥នាក់។

តួលេខនេះរួមបញ្ចូលទាំងកីឡាករដែលបានរងរបួសច្រើនដងនៅរដូវកាលនេះ ដែលក្រុម Arsenal ពេលខ្លះខ្វះខាតកីឡាករដូចជាប្រធានក្រុម Martin Odegaard និងខ្សែការពារ Gabriel។

ចំណែកឯក្រុម Brighton វិញ Solly March មិនទាន់បានលេងនៅរដូវកាលនេះនៅឡើយទេ ខណៈដែល Jack Hinshelwood, James Milner និង Ferdi Kadiolgu បានរងរបួសរយៈពេលវែង។

ក្រុម Villa បានខ្វះខាត Leon Bailey និង Jacob Ramsey នាពេលថ្មីៗនេះ ដោយមាន Amadou Onana និង Ezri Konsa ក៏ស្ថិតក្នុងចំណោមអ្នកដែលខកខានការប្រកួតដែរ។

វាក៏ជារឿងស្រដៀងគ្នាដែរនៅពេលនិយាយអំពីចំនួនថ្ងៃដែលបាត់បង់ដោយសាររបួស។ City ស្ថិតនៅលេខ៧សម្រាប់ករណីនេះ – នៅក្រោយក្រុមដូចជា Crystal Palace, Arsenal និងជាពិសេសក្រុមនាំមុខ Liverpool។

ក្រុមផ្សេងទៀតដែលនៅខាងលើរួមមាន Brighton, Ipswich, Tottenham និង Villa។

ជារួម Brighton បានបាត់បង់ថ្ងៃច្រើនគួរឱ្យភ្ញាក់ផ្អើលដល់ទៅ៦៣៨ថ្ងៃដោយសាររបួស ដោយ Ipswich នៅលេខ២ជាមួយនឹង៥៣០ថ្ងៃ និង Palace នៅលេខ៣ជាមួយនឹង៤៤៤ថ្ងៃ។ លេខរបស់ City គឺ៣៧២ថ្ងៃ។ West Ham បាត់បង់តិចជាងគេជាមួយនឹង១៤១ថ្ងៃ។

Liverpool មាន៣៨២ថ្ងៃ ខណៈដែល Arsenal មាន៤០៦ថ្ងៃ។

Guardiola ទំនងជានឹងចង្អុលបង្ហាញអំពីសារៈសំខាន់នៃកីឡាករដែលគាត់បាត់បង់នៅរដូវកាលនេះ។

“យើងកំពុងលេងដោយគ្មានកីឡាករល្អបំផុតនៃពាន Ballon d’Or, Rodri… និងគ្មានកីឡាករល្អបំផុតនៅអង់គ្លេសកាលពីរដូវកាលមុន Foden” គាត់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតដឺប៊ី។

“គ្មានក្រុមណាមួយអាចលេងដោយគ្មានខ្សែការពារកណ្តាល គ្មានម្ចាស់ពាន Ballon d’Or និងកីឡាករល្អបំផុតនៃ Premier League ពេញមួយរដូវកាលបានទេ”។

ការអវត្តមាននេះគឺជាប់ទាក់ទងទៅនឹងក្រុមនីមួយៗ ប៉ុន្តែជាចុងក្រោយ វាបង្ហាញថាក្រុមនេះមិនត្រូវបានគ្រប់គ្រងបានល្អដូចដែលគួរធ្វើនោះទេ។ អ្នកចាត់ការជនជាតិអេស្ប៉ាញរូបនេះបន្តស្វែងរកដំណោះស្រាយ៕