សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ៣នាក់ករណីលួចម៉ូតូនិងទទួលផលចោរកម្ម ដែលជាក្រុមមុខសញ្ញាលួចយ៉ាងសកម្មក្នុងក្រុងសិរីសោភ័ណ

ដោយ : បន្ទាយ
បន្ទាយមានជ័យ:  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤បានធ្វើការស្រាវជ្រាវ មុខសញ្ញាពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្ម ដែលជាក្រុមមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ដ្រក្រុងសិរីសោភ័ណ ។រហូតដល់ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឈានដល់ឃាត់ជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ គុន្ធ ស្រីលិ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ។

ក្រោយស្តាប់ចម្លេីយសារភាពរបស់ជនសង្ស័យ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ខ្លួនបក្ខពួកជាបន្ដបន្ទាប់ចំនួន ០២នាក់បន្ថែមទៀត ១/-ឈ្មោះ មិច គំនិត ភេទប្រុស អាយុ៤៣ឆ្នាំ និងឈ្មោះ ទិព្វ វឹលបែង ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ចាប់យកវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ ២០២៤ គ្មានផ្លាកលេខ ចំនួន០១គ្រឿង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន បញ្ជាក់ថាវិជ្ជមាន(+)ចំនួនពីរនាក់គឺ ឈ្មោះ ទិព្វ វឹលបែង និងឈ្មោះ គុន្ធ ស្រីលិ ។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា : ក្រោយឃាត់ខ្លួន និងសួរនាំរួច ពិនិត្យឃើញថា ពិតជាមានការស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ពីករណីខាងលើ ហើយជនសង្ស័យឈ្មោះ គុន្ធ ស្រីលិ  និងឈ្មោះ ទិព្វ វឹលបែង  រងការចោទ ប្រកាន់ពីករណីទទួលផលចោរកម្ម(ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ដោយឡែកឈ្មោះ មិច គំនិត គឺជាមេខ្លោង ទទួលផលចោរកម្ម នៃបទល្មើសលួចម៉ូតូ ដែលប្រព្រឹត្តយ៉ាងសកម្ម នៅក្នុងភូមិសាស្រ្ដក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕