ប្រែសម្រួល៖ ស-សម្បត្តិ
ប្រភពដែលជិតស្និទ្ធជាមួយបញ្ហានេះបានប្រាប់កាសែត Reuters ថា នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook នឹងជួបជាមួយលោក Donald Trump នៅយប់ថ្ងៃសុក្រ នៅរមណីយដ្ឋាន Mar-a-Lago របស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក នៅរដ្ឋ Florida។
មេដឹកនាំអាជីវកម្មបានព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយលោក Trump ចាប់តាំងពីការឈ្នះឆ្នោតរបស់លោកកាលពីខែវិច្ឆិកា។
ក្រុមហ៊ុន Meta Platforms និង Amazon បានបរិច្ចាគទឹកប្រាក់ចំនួន ១ លានដុល្លារម្នាក់ទៅក្នុងមូលនិធិពិធីសប្បុរសធម៌របស់លោក Trump។ ធនាគារ Bank of America ដែលជាស្ថាប័នឥណទានធំជាងគេទី២នៅសហរដ្ឋអាមេរិក ក៏មានគម្រោងចូលរួមវិភាគទានដល់គណៈកម្មការពិធីសប្បុរសធម៌របស់លោក Trump ផងដែរ ប៉ុន្តែមិនទាន់សម្រេចចិត្តលើចំនួនទឹកប្រាក់នៅឡើយទេ។
លោក Trump នឹងចូលកាន់តំណែងនៅខែមករា។ កាលពីខែតុលា ខណៈពេលដែលលោកកំពុងឈរឈ្មោះប្រកួតប្រជែងតំណែងប្រធានាធិបតី លោកបាននិយាយថា លោកបានទទួលការហៅទូរសព្ទពីលោក Cook ទាក់ទងនឹងការព្រួយបារម្ភអំពីទណ្ឌកម្មហិរញ្ញវត្ថុដែលសហភាពអឺរ៉ុបបានដាក់លើក្រុមហ៊ុនផលិត iPhone នេះ។
អាជ្ញាធរអឺរ៉ុបបានចាប់ផ្តើមស៊ើបអង្កេតជាបន្តបន្ទាប់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងគោលបំណងទប់ស្កាត់អំណាចរបស់ពួកគេ និងធានាឱ្យមានការប្រកួតប្រជែងស្មើភាពគ្នាសម្រាប់ដៃគូប្រកួតប្រជែងតូចៗ។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហ៊ុនផលិត iPhone នេះថាបានគ្រប់គ្រងទីផ្សារទូរសព្ទស្មាតហ្វូនដោយខុសច្បាប់។
ក្រុមការងាររបស់លោក Trump និងក្រុមហ៊ុន Apple មិនទាន់បានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការបញ្ជាក់នោះទេ។ កិច្ចប្រជុំរវាងលោក Trump និងលោក Cook ត្រូវបានរាយការណ៍មុននេះដោយកាសែត New York Times៕
ប្រភព៖ Reuters