ប្រែសម្រួល៖ រតនា
អរលែនដូ៖ ក្រុមហ៊ុនរួមទុនកាំជ្រួចរវាង Boeing និង Lockheed Martin គឺក្រុមហ៊ុន United Launch Alliance (ULA) មានគម្រោងធ្វើឱ្យប្រសើរឡើងនូវកាំជ្រួច Vulcan ដើម្បីប្រកួតប្រជែងជាមួយយានអវកាស Starship របស់ក្រុមហ៊ុន SpaceX នៅក្នុងទីផ្សារបញ្ចូនផ្កាយរណបទាបជុំវិញផែនដី នេះបើយោងតាមការថ្លែងរបស់នាយកប្រតិបត្តិក្រុមហ៊ុន។
ULA ចង់អភិវឌ្ឍម៉ូដែល Vulcan ដែលត្រូវបានកែច្នៃសម្រាប់ទីផ្សារគន្លងទាបជុំវិញផែនដី (LEO) ដែលកំពុងមានប្រាក់ចំណេញកើនឡើង ដោយសារតែក្រុមហ៊ុន SpaceX បានបញ្ចូនផ្កាយរណបរាប់ពាន់គ្រឿងសម្រាប់សេវាអ៊ីនធឺណិត Starlink របស់ខ្លួន។
លោក Tory Bruno នាយកប្រតិបត្តិ ULA បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសន្និសីទអវកាសយោធានៅទីក្រុងអរលែនដូថា “យើងទើបតែបញ្ចប់ការសិក្សាស្រាវជ្រាវដ៏ធំមួយ អំពីអ្វីដែលយើងចង់បានដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ LEO នាពេលអនាគត។”
“ហើយយើងបានជ្រើសរើសការកែប្រែ Vulcan ដែលផ្តល់ឱ្យយើងនូវម៉ាសច្រើនជាងមុនទៅកាន់ LEO និងដាក់យើងនៅក្នុងកម្រិតប្រកួតប្រជែង។”
កាំជ្រួច Vulcan របស់ ULA ដែលដំណើរការដោយម៉ាស៊ីនពីក្រុមហ៊ុន Blue Origin របស់លោក Jeff Bezos បានធ្វើការបញ្ចូនពីរដងដំបូងរបស់ខ្លួននៅឆ្នាំនេះ ហើយត្រូវបានរចនាឡើងជាចម្បងដើម្បីបំពេញតាមតម្រូវការបេសកកម្មរបស់ក្រសួងការពារជាតិទៅកាន់គន្លងផ្សេងៗ។
ក្នុងចំណោមជម្រើសនានាដែល ULA បានគូសវាសសម្រាប់កំណែ LEO លោក Bruno បានថ្លែងថា មាន “Vulcan Heavy” ឬកាំជ្រួចស្នូល Vulcan បីត្រូវបានភ្ជាប់គ្នា។ លោកក៏បានថ្លែងថា មាន “ការកំណត់រចនាសម្ព័ន្ធ Vulcan ផ្សេងទៀតដែលពិសេសៗ ដែលមានប្រព័ន្ធចលករនៅកន្លែងមិនធម្មតា”។
ទោះបីជាយានអវកាស Starship របស់ SpaceX ត្រូវបានរចនាឡើងជាចម្បងសម្រាប់បេសកកម្មដែលមានមនុស្សទៅកាន់ព្រះចន្ទ និងភពអង្គារក៏ដោយ ក្រុមហ៊ុនមានគម្រោងប្រើវាដើម្បីពន្លឿនការដាក់ពង្រាយផ្កាយរណប Starlink ដ៏ច្រើនទៅក្នុងគន្លងទាបជុំវិញផែនដី។
ការនេះបានដាក់សម្ពាធលើគូប្រជែងរបស់ SpaceX ឱ្យផ្គូផ្គងសមត្ថភាពរបស់ Starship ខណៈពេលដែលក្រុមហ៊ុនផ្សេងទៀតដូចជា Amazon កំពុងប្រញាប់ប្រញាល់កសាងបណ្តាញផ្កាយរណបប្រកួតប្រជែង ដែលជំរុញតម្រូវការកាំជ្រួចធំៗ។
ULA រំពឹងថានឹងបញ្ចប់ការអភិវឌ្ឍកំណែនេះនៅពេលដែលលោកជឿថា Starship របស់លោក Musk ដែលជាកាំជ្រួចដ៏ធំមួយដែលចុងក្រោយត្រូវទៅភពអង្គារ ចាប់ផ្តើមផ្តល់ការបញ្ចូនផ្កាយរណប LEO។ លោក Bruno បានថ្លែងថា ការនេះអាចនឹងត្រូវការពេលប៉ុន្មានឆ្នាំទៀត។
លោក Bruno បានព្យាករថា “យើងនឹងមិនប្រឈមមុខជាមួយគាត់នៅក្នុងទីផ្សារជាក់លាក់នោះទេមួយរយៈ”។
លោក Musk បានថ្លែងថា លោកចង់បង្កើនកម្លាំង Starship ឱ្យទ្វេដង និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់កាំជ្រួចក្នុងការត្រឡប់មកដីវិញយ៉ាងរហ័សនៅក្នុងដៃម៉ាស៊ីនដ៏ធំ ដែលបង្ហាញថា SpaceX នៅសល់ពេលចន្លោះពីប៉ុន្មានខែទៅជាងមួយឆ្នាំ មុនពេលហោះហើរផ្កាយរណប Starlink LEO។
ULA មានបេសកកម្ម Vulcan ជាច្រើនដែលបានកក់ទុកជាមួយ Amazon ដើម្បីដាក់ពង្រាយផ្កាយរណបអ៊ីនធឺណិត Kuiper របស់ខ្លួនទៅក្នុងលំហអវកាស ដែលធ្វើឱ្យកាំជ្រួចនេះក្លាយជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្ររបស់ Amazon ក្នុងការប្រកួតប្រជែងជាមួយ Starlink។ Amazon ក៏បានកក់ទុកការបញ្ចូនជាមួយកាំជ្រួចផ្សេងទៀតផងដែរ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងការបញ្ចូនច្រើនដែលធ្វើឡើងនៅឆ្នាំ ២០២២។
SpaceX បានធ្វើការសាកល្បងបញ្ចូន Starship ចំនួនប្រាំមួយដងទៅលំហអវកាសពីមជ្ឈមណ្ឌលកាំជ្រួច Starbase នៅភាគខាងត្បូងរដ្ឋតិចសាស ដោយបង្ហាញពីគោលការណ៍សាកល្បងដល់បរាជ័យដ៏គួរឱ្យចាប់អារម្មណ៍ ដែលពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ និងការសម្រេចគោលដៅសាកល្បងបណ្តើរៗ មុនពេលបញ្ជាក់ការរចនាកម្រិតពាណិជ្ជកម្ម។ ក្រុមហ៊ុនផ្សេងទៀត រួមទាំង ULA នឹងមិនបញ្ចូនកាំជ្រួចថ្មីទេ រហូតដល់ការរចនារបស់វាត្រូវបានបញ្ចប់។
ULA មានគោលដៅធ្វើការបញ្ចូនបេសកកម្ម Vulcan ចំនួនប្រាំបីដងនៅឆ្នាំក្រោយ និងបេសកកម្ម Atlas V ចំនួន១២ដង ដែលជាជំនាន់មុនរបស់ Vulcan ដែលនឹងត្រូវដកចេញពីប្រើប្រាស់។
រ៉ុកកែត Vulcan ចាប់ផ្តើមដោយតម្លៃប្រហែល ១១០ លានដុល្លារ – ខ្ពស់ជាងតម្លៃមូលដ្ឋាននៃរ៉ុកកែត SpaceX Falcon 9 បន្តិច – ហើយមានការបញ្ជាទិញប្រហែល ៧០ បេសកកម្ម រួមទាំងបេសកកម្មរបស់ Amazon ដែលបង្កើតភាពបន្ទាន់ក្នុងការធ្វើឱ្យរ៉ុកកែតនេះហោះហើរជាប្រចាំ។
ក្រុមហ៊ុន ULA ដែលបង្កើតឡើងក្នុងការរួមបញ្ចូលគ្នានៅឆ្នាំ២០០៦ រវាងកម្មវិធីបញ្ជូនទៅលំហអាកាសរបស់ក្រុមហ៊ុន Boeing និង Lockheed ត្រូវបានដាក់លក់អស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយទទួលបានការចាប់អារម្មណ៍ពីផ្នែកលំហអាកាសរបស់ក្រុមហ៊ុន Sierra Nevada គឺ Sierra Space និងក្រុមហ៊ុន Blue Origin របស់លោក Bezos ដូចដែល Reuters បានរាយការណ៍កន្លងមក។
លោក Bruno បានបដិសេធមិនផ្តល់មតិយោបល់អំពីការចរចាទិញយកក្រុមហ៊ុននេះទេ។
ប្រភព៖ Reuters