ដោយ៖ ឧត្តរ
ឧត្តរមានជ័យ៖ប្រជាពលរដ្ឋចំនួន៨ភូមិ ប្រមាណ២០០០ខ្នងផ្ទះ ដែលរស់នៅក្នុងឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នឹងទទូលបានទឹកស្អាតប្រើប្រាស់នាពេលឆាប់ៗនេះ ខណ:ក្រុមហ៊ុនផ្គត់ផ្គង់ចែកចាយទឹកស្អាត កំពុងតែចាប់ផ្តើមតបណ្តាញទឹកចូលតាមផ្ទះជាបណ្តើរៗហើយ។
អ្នកស្រី ឈន ផេន វ័យ៦៣ឆ្នាំ នៅភូមិកណ្តោលដុំ ឃុំពង្រ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ពួកគាត់មានការរីករាយសប្បាយចិត្តបន្ទាប់ពីបានឃើញ ខាង ក្រុមហ៊ុនផ្គត់ផ្គង់ចែកចាយទឹកស្អាត កំពុងបានចាប់ផ្តើមតបណ្តាញទឹកស្អាតចូលក្នងភូមិរបស់គាត់ ដែលកន្លងមកក្នុងតំបន់នោះមិនដែលមានប្រព័ន្ធទឹកស្អាតប្រើប្រាស់នោះទេ។ ផ្តុយទៅវិញគឺប្រើប្រាស់តែទឹកពីធម្មជាតិ និងទិញទឹកពីកន្លែងផ្សេងយកមកប្រើប្រាស់ប៉ុណ្ណោះ។
លោក ប៉ាន់ ឃាន់ មេឃុំពង្រ ស្រុកចុងកាល់ បានឧ្យដឹងថា នៅក្នុងឃុំពង្រ មានប្រជាពលរដ្ឋចំនួន៨ភូមិ ជិត២០០០ខ្នងផ្ទះ ។ ក្នុងឃុំមួយនេះ មានតែមួយភូមិប៉ុណ្ណោះ គឺភូមិស្រះកែវ ដែលទទូលបានទឹកស្អាតប្រើប្រាស់កន្លងមក។
លោក ឃុន ឡាំ ម្ចាស់ក្រុមហ៊ុនផលិតទឹកស្អាតនៅខេត្តឧត្តរមានជ័យ បានប្រាប់ឲ្យដឹងថា ដោយមើលឃើញពីបច្ចុប្បន្នភាពខ្វះខាត ក្រុមហ៊ុនផលិតនិងផ្គត់ផ្គងទឹកស្អាតនៅខេត្តឧត្តរមានជ័យ ក៏បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលរស់នៅចំនួន៤សង្កាត់ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលគ្មានលទ្ធភាពបង់សេវាពេញ អាចបង់រំលស់បាន នៅក្នុងការតបណ្តាញទឹកស្អាតចូលប្រើប្រាស់ដោយគិតត្រឹមតែ១ខែ ចំនួន២ម៉ឺនរៀលប៉ុណ្ណោះ។
លោក ឃុន ឡាំ បន្តទៀតថា ក្រុមហ៊ុនផលិតផ្គត់ផ្គង់ទឹកស្អាតនៅខេត្តឧត្តរមានជ័យ បានផ្តល់នូវឪកាស ចំនួន៤សង្កាត់ ក្រុងសំរោងនោះ គឺរួមមាន សង្កាត់សំរោង.សង្កាត់បន្សាយរាក់.សង្កាត់បុស្បូវ.និងឃុំពង្រ។ដោយ ក្រុមហ៊ុនផលិតផ្គត់ផ្គង់ទឹកស្អាតបានពិនិត្យឃើញថាប្រជាពលរដ្ឋភាគច្រើនក្រីក្រពុំមានលទ្ធភាពបង់សេវាពេញបានដូចកន្លែងផ្សេង ប្រជាពលរដ្ឋអាចនឹងបង់រំលស់ដោយក្នុងមួយខែត្រឹមតែ 2 ម៉ឺនរៀលគឺអាចនឹងភ្ជាប់ទឹកស្អាតប្រើប្រាស់បានហើយ៕