សន្ដិសុខសង្គម

ក្មេងទំនើងមួយក្រុមនាំគ្នាយកដុំថ្មគប់នារីបម្រើការ KTV ឲ្យរបួសត្រូវចាប់ខ្លួនបានម្នាក់

ដោយ៖សហការី

ភ្នំពេញ: ម្ចាស់ហាងKTV យីហោពិភពសំនៀងមួយកន្លែងនាំគ្នាឃាត់ខ្លួនបានក្មេងទំនើងម្នាក់ក្នុងចំណោមបក្ខពួកផ្សេងដែលនាំគ្នាយកដុំថ្មគប់លើនារីបម្រើការ KTV បង្កឲ្យមានរបួសស្នាម រីឯអ្នកផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបញ្ជាក់ពីម្ចាស់ហាងបានឲ្យដឹងថា៖ នៅវេលាម៉ោង៧យប់ថ្ងៃទី១០ ខែធ្នូឆ្នាំដដែល ក្រុមក្មេងទំនើងទាំងនោះមានគ្នាជាច្រើននាក់បានជិះម៉ូតូជាច្រើនគ្រឿងនាំគ្នាយកដុំថ្មមកគប់កន្លែងកើតហេតុម្ដងរួចមកហើយ។

ប៉ុន្តែការគប់នោះមិនបង្កឲ្យមានអ្នករងរបួសទេ។ បន្ទាប់មកក្រុមក្មេងទាំងនោះបានជិះរត់គេចខ្លួនទៅបាត់អស់ លុះវេលាម៉ោងខាងលើស្រាប់តែលេចមុខក្រុមជនបង្កទាំងនេះមកធ្វើសកម្មភាពម្ដងទៀត ដោយយកដុំថ្មជាច្រើនគប់ចំស្រ្តីអ្នកបម្រើការម្នាក់និងបុរសម្នាក់បណ្ដាលឲ្យរងរបួសរួចហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួន។ភ្លាមៗនោះខាងម្ចាស់ហាងរងគ្រោះខឹងខ្លាំងពេកបាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយរហូតទាន់ចាប់ឃាត់ខ្លួនបានម្នាក់និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសង់០១៧ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GC-5383 នាំមកកន្លែងវិញ។ចំណែកបក្ខពួកផ្សេងនាំគ្នារត់គេចខ្លួនទៅចោលបាត់ស្រមោលអស់។ក្នុងនោះផងដែរជនសង្ស័យខាងលើត្រូវបានម្ចាស់ហាងនាំគ្នាព្រួតវាយមួយដៃមួយជើងម្នាក់រួចប្រគល់ទៅឲ្យសមត្ថកិច្ចយកទៅសួរនាំ។

បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌអធិការខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕