អន្តរជាតិ

អាស៊ានមានគោលដៅជំរុញពាណិជ្ជកម្មក្នុងតំបន់តាមរយៈការតភ្ជាប់ការដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ប្រែសម្រួល៖ ស-សម្បត្តិ

ក្រុងកូឡាឡាំពួរ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងស្វែងរកវិធីក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់តាមរយៈការកសាងបណ្តាញដឹកជញ្ជូន និងភស្តុភារកាន់តែប្រសើរ។

ការណ៍នេះក៏នឹងអនុញ្ញាតឱ្យប្រទេសជាសមាជិកការពារខ្លួនពីហានិភ័យភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលកំពុងកើនឡើងផងដែរ។

ប៉ុន្តែកិច្ចការខាងមុខសម្រាប់ក្រុមពាណិជ្ជកម្មនេះនៅតែមានការប្រឈម ដោយសារប្រទេសនានាត្រូវធ្វើការលើការសម្រួលនីតិវិធីគយ និងលុបបំបាត់ការិយាធិបតេយ្យ តាមការលើកឡើងរបស់អ្នកសង្កេតការណ៍។

  • ការកាត់បន្ថយរដ្ឋបាល

“ក្នុងអាស៊ាន យើងធ្វើបានល្អគួរសម” នេះបើតាមការលើកឡើងរបស់លោក Anthony Loke រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី ដោយរំលេចពីគោលនយោបាយបើកចំហលំហដែលបង្កើនការតភ្ជាប់ក្នុងតំបន់។

សម្រាប់ផ្នែកសមុទ្រ មានផែនការសម្រាប់ការធ្វើឌីជីថលកម្មនៃកំពង់ផែក្នុងតំបន់ ដើម្បីឱ្យពួកគេអាចចែករំលែកព័ត៌មានជាមួយគ្នាទៅវិញទៅមក និងកាន់តែមានភាពប្រកួតប្រជែង លោកបានបន្ថែម។

“បណ្តាញរថភ្លើង(ក៏)មានសារៈសំខាន់ដែរ។ មានការផ្តាច់តភ្ជាប់ដែលត្រូវបានកែតម្រូវនាពេលនេះ ជាពិសេសរវាងឡាវ និងចិន។”

នៅខែមិថុនា សេវាកម្មដឹកទំនិញតាមរថភ្លើងអាស៊ានអេកស្ប្រេសលើកដំបូងដែលតភ្ជាប់ម៉ាឡេស៊ីទៅចិនតាមរយៈថៃ និងឡាវត្រូវបានដាក់ឱ្យដំណើរការ។

ការធ្វើដំណើរត្រូវចំណាយពេលត្រឹមតែប្រាំបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែផ្ទុយទៅវិញត្រូវចំណាយពេលជិតពីរសប្តាហ៍ដោយសារតែការផ្លាស់ប្តូរគន្លង និងការបញ្ជាក់គយនៅតាមព្រំដែន។

ក្នុងការដឹកជញ្ជូនតាមផ្លូវរថភ្លើង គន្លងផ្លូវសំដៅលើចម្ងាយរវាងរបាររថភ្លើងទាំងពីរនៃផ្លូវរថភ្លើង។ មានគន្លងផ្លូវខុសៗគ្នាជាច្រើននៅទូទាំងពិភពលោក ដែលបង្កើតជាឧបសគ្គដល់ប្រតិបត្តិការទូលំទូលាយលើបណ្តាញរថភ្លើង។

ករណីនេះកើតឡើងនៅព្រំដែនរវាងថៃ និងឡាវ ដោយសារផ្លូវរថភ្លើងរបស់ប្រទេសឡាវខុសពីម៉ាឡេស៊ី និងថៃ។ កុងតឺន័រនីមួយៗត្រូវលើកដោយម៉ាស៊ីនក្រេនទៅផ្លូវផ្សេង។

លោក Loke បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវកាត់បន្ថយរដ្ឋបាល។

“វាជាការឈ្នះ-ឈ្នះសម្រាប់គ្រប់គ្នា” លោកបានមានប្រសាសន៍។ “វាមិនមែនគ្រាន់តែការលុបបំបាត់របាំងផ្តល់ប្រយោជន៍តែប្រទេសមួយនោះទេ ប៉ុន្តែវាផ្តល់ប្រយោជន៍ដល់តំបន់ទាំងមូល។”

  • ការប្រើប្រាស់ចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក

ប្រទេសថៃបាននិយាយថា ខ្លួនចូលរួមក្នុងការកែលម្អការតភ្ជាប់រវាងប្រទេសនានា។

ឧទាហរណ៍ ខ្លួនកំពុងពង្រីកទៅជាបណ្តាញរថភ្លើងផ្លូវទ្វេ។

ខ្លួនក៏កំពុងជំរុញការសាងសង់ស្ពានគោកនៅភាគខាងត្បូងប្រទេសថៃដែលតភ្ជាប់សមុទ្រអាន់ដាម៉ាន់ជាមួយឈូងសមុទ្រថៃផងដែរ។

គម្រោងសំខាន់នេះដែលគ្រោងនឹងរួចរាល់នៅឆ្នាំ២០២៨ មានគោលបំណងបង្កើតផ្លូវពាណិជ្ជកម្មអន្តរជាតិថ្មី និងកាត់បន្ថយរយៈពេលធ្វើដំណើររបស់នាវា នេះបើតាមការលើកឡើងរបស់លោក Suriya Juangroongruangkit ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ។

“មានការកកស្ទះច្រើននាពេលបច្ចុប្បន្នក្នុងច្រកសមុទ្រម៉ាឡាកា” លោកបានកត់សម្គាល់។ “យើងមើលឃើញថា នាពេលអនាគត ក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រជាច្រើននឹងត្រូវរង់ចាំនិងតម្រង់ជួរ។ ប៉ុន្តែប្រសិនបើមានស្ពានគោក វាអាចប្រើជាជម្រើសផ្សេងបាន។”

ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធតែមួយមុខមិនគ្រប់គ្រាន់ទេ អ្នកពាក់ព័ន្ធក្នុងវិស័យនេះបានកត់សម្គាល់។

លោក រូបិន អេមៀ ហ្គណាលិងហ្គាម ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃ Westports ដែលគ្រប់គ្រងក្រុមហ៊ុនប្រតិបត្តិករកំពង់ផែធំជាងគេដែលបានចុះបញ្ជីនៅម៉ាឡេស៊ី បានមានប្រសាសន៍ថា “សំណួរសំខាន់ឥឡូវនេះគឺ តើពួកគេអាចធ្វើឱ្យវាមានដំណើរការរលូន និងមានតម្លៃសមរម្យដែរឬទេ?”

“ព្រោះបើមិនដូច្នោះទេ អ្នកមិនអាចធ្វើទីផ្សារ មិនអាចលើកកម្ពស់វាជាជម្រើសមួយបានទេ ដោយសារវានឹងធ្វើឱ្យអ្នកចំណាយច្រើនជាងមុន។”

អ្នកជំនាញបានប្រាប់ CNA ថា ប្រទេសនៅអាស៊ីអាគ្នេយ៍ត្រូវតែរួបរួមគ្នាដើម្បីទទួលបានអត្ថប្រយោជន៍ពីសមាហរណកម្មសេដ្ឋកិច្ច។

លោក គ្រីស ហាំហ្វ្រី នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ដែលមានមូលដ្ឋាននៅសិង្ហបុរី បានមានប្រសាសន៍ថា “នៅពេលអ្នកមើលទៅរដ្ឋជាសមាជិកអាស៊ាន ពិតមែនពួកគេរួបរួមគ្នា។ ពិតមែន មានភាពជាស្នូលអាស៊ាន។ ប៉ុន្តែពួកគេតែងតែប្រកួតប្រជែងគ្នា។”

“ពួកគេកំពុងប្រកួតប្រជែងគ្នាដើម្បីទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស។ ពួកគេកំពុងប្រកួតប្រជែងគ្នាលើពាណិជ្ជកម្ម។ យើងត្រូវតែធានាថា ជំនួសឱ្យការប្រកួតប្រជែង យើងគួរតែលេងទៅតាមចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក៕”

ប្រភព៖ CNA/ca(dn)