ដោយ :បន្ទាយ
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនៃអាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកមង្គលបូរី ក្រោមអធិបតីភាពលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។
លោក ប្លែកវ៉ារី បានមានប្រសាសន៍ថា ការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនាពេលនេះ គឺជាការផ្តល់នូវឱកាសសម្រាប់គ្រប់តួអង្គ ដែលពាក់ព័ន្ធក្នុងការពិភាក្សាប្រកបដោយតម្លាភាព ជំរុញការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិសង្គមស៊ីវិលសាធារណជននានាដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុចរិតភាពនិងយុត្តិធម៌ក្នុងសង្គមកាន់តែល្អប្រសើរ។
ម្យ៉ាងវិញទៀតដើម្បីបង្ហាញការទទួលខុសត្រូវ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលក្នុងឱកាសចូលរួមបញ្ចេញមតិលើកឡើងពីសំណួរសំណូមពរបញ្ហាប្រឈមនឹងក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីពិភាក្សាគ្នាក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាពេលនេះដើម្បីរួមគ្នាដោះស្រាយនិងឆ្លើយតបតាមគោលការណ៍ច្បាប់ តាមសភាពការណ៍ជាក់ស្តែងដោយស្មារតីយោគយល់អធ្យាស្រ័យប្រកបដោយសីលធម៌និងគុណធម៌ខ្ពស់ ។
នៅក្នុងអង្គវេទិកាពិគ្រោះយោបល់ពីថ្ងៃនេះផងដែរអស់លោកលោកស្រីដែលបានធ្វើការលើកឡើងពីបញ្ហាកង្វល់ប្រឈមនូវសំណូមពរមួយចំនួនក្នុងមូលដ្ឋានរបស់ពួកគាត់ទាំង៦១ ជាការឆ្លើយតប លោក អ៊ុ រាត្រី និងមន្ត្រីពាក់ព័ន្ធបានធ្វើការលើកឡើងនិងដោះស្រាយបានភ្លាមៗនិងបញ្ហា សល់នឹងយកទៅពិភាក្សានៅពេលក្រោយ ។
ជាចុងក្រោយ លោក ប្លែកវ៉ារី បានធ្វើការលើកឡើងផងដែរថាពិតមែនតែអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ នៅមានសេសសល់បញ្ហាប្រឈម ឬក៏សំណួរនិងសំណូមពរមួយចំនួនដែលពុំទាន់បានលើកឬក៏ជួបប្រទះនាពេលខាងមុខប្រជាពលរដ្ឋយើងក្ដី សង្គមស៊ីវិលក្ដី មានពេលវេលា គ្រប់គ្រាន់នឹងការលើកឡើងជូនក្រុមប្រឹក្សារដ្ឋបាលស្រុកក្រុងឃុំសង្កាត់ ដដែលនៅជិតប្រជាពលរដ្ឋស្រាប់ ពោលគឺដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្តនិងរដ្ឋបាលខេត្តរិះរកវិធានការឆ្លើយតបនិងដោះស្រាយ៕