អន្តរជាតិ

បទយកការណ៍ អំពីការចូលទៅក្នុងពន្ធនាគារ ‘ជម្រកសម្លាប់មនុស្ស’ នៅស៊ីរី ខណៈក្រុមគ្រួសារដែលអស់សង្ឃឹមកំពុងស្វែងរកសាច់ញាតិដែលបាត់ខ្លួន

ប្រែសម្រួល៖ ស-សម្បត្តិ

នៅពេលប្រជាជនស៊ីរីមានក្តីរីករាយទូទាំងប្រទេសនាសប្តាហ៍នេះ ជនជាតិស៊ីរីជាច្រើនបានចាប់ផ្តើមស្វែងរកយ៉ាងអន្ទះសារនូវសាច់ញាតិដែលបានបាត់ខ្លួនដោយបង្ខំក្រោមរបបផ្តាច់ការដ៏ឃោរឃៅរបស់បាសារ អាល់-អាសាដ។

ហ្វូងមនុស្សបានហូរចូលទៅកាន់ពន្ធនាគារសៃដនាយ៉ាដ៏ល្បីខ្មៅ ដែលត្រូវបានគេស្គាល់ថាជាកន្លែងឃុំខ្លួនដោយបំពានច្បាប់ ទារុណកម្ម និងឃាតកម្ម។ ក្រោមកម្តៅថ្ងៃដ៏ក្តៅ មនុស្សម្នាហូរទៅកាន់មន្ទីរឃុំឃាំងដ៏អាក្រក់នេះដែលស្ថិតនៅភាគខាងជើងក្រុងដាម៉ាស ដោយមានចរាចរណ៍ស្ទះអស់រាប់គីឡូម៉ែត្រ ហើយអ្នកខ្លះបានចតរថយន្តដើម្បីដើរឡើងទៅលើភ្នំចុងក្រោយ ឆ្លងកាត់របងលួសបន្លា និងប៉មយាម។

ដូចគ្នានឹងវិមានរបស់អាសាដបានបង្ហាញពីទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភ និងជីវភាពប្រណីតរបស់គ្រួសារគាត់ ពន្ធនាគាររបស់គាត់បានបញ្ជាក់ពីរឿងរ៉ាវដ៏គួរឱ្យរន្ធត់ដែលប្រជាជនស៊ីរីបានដឹងច្បាស់អស់រយៈពេលជាង៥០ឆ្នាំកន្លងមកនេះ។

កន្លែងឃុំឃាំងដ៏ល្បីខ្មៅរបស់របបអាសាដគឺជារន្ធខ្មៅ ដែលចាប់តាំងពីទសវត្សរ៍១៩៧០មក អ្នកដែលគេចាត់ទុកថាជាអ្នកប្រឆាំងត្រូវបានបាត់ខ្លួន។ សៃដនាយ៉ាគឺជាទីតាំងដ៏អាក្រក់បំផុតមួយ ដែលគេស្គាល់ថាជា “ជម្រកសម្លាប់មនុស្ស” ដែលមានមនុស្សប្រមាណ១៣,០០០នាក់ត្រូវបានព្យួរក សម្លាប់រវាងឆ្នាំ២០១១ និង២០១៥ យោងតាមអង្គការលើកលែងទោសអន្តរជាតិ។

ដូចដែលគេរំពឹងទុក វាគឺជាទីតាំងដំបូងដែលក្រុមឧទ្ទាមផ្តោតការយកចិត្តទុកដាក់ នៅពេលពួកគេលុកលុយទៅកាន់ក្រុងដាម៉ាសក្នុងការវាយប្រហារយ៉ាងលឿន។

បន្ទាប់ពីក្រុមអ្នកប្រយុទ្ធឧទ្ទាមបានផ្តួលរំលំអាសាដនៅថ្ងៃអាទិត្យ ដោយបង្ខំឱ្យមេដឹកនាំផ្តាច់ការរត់ភៀសខ្លួនទៅរុស្ស៊ី រូបភាពអ្នកទោសនៅសៃដនាយ៉ាត្រូវបានដោះលែងបានលេចឡើង ដែលជំរុញឱ្យជនជាតិស៊ីរីជាច្រើនបានប្រើប្រាស់បណ្តាញសង្គមដើម្បីស្វែងរកជំនួយក្នុងការស្វែងរកសាច់ញាតិរបស់ពួកគេ។

ត្រឹមថ្ងៃចន្ទ មនុស្សជាច្រើនបានចាត់វិធានការដោយខ្លួនឯង និងហូរចូលទៅក្នុងពន្ធនាគារ ដោយសារមានព័ត៌មានចចាមអារ៉ាមថាមានមនុស្សរាប់ពាន់នាក់នៅតែជាប់ឃុំនៅក្នុងកម្រិតជ្រៅនៃមន្ទីរឃុំឃាំង ដែលជាតំបន់ក្រោមដីដែលគេស្គាល់ថា “ផ្នែកក្រហម”។

នៅពេល CNN ទៅដល់កន្លែងនោះនៅថ្ងៃចន្ទ ហ្វូងមនុស្សដ៏ច្រើនបានប្រមូលផ្តុំនៅខាងក្រៅ និងខាងក្នុងពន្ធនាគារ។ សំឡេងស្រែក “អាល់ឡោះអាក់បារ” និងការបាញ់កាំភ្លើងអបអរសាទរបានលាន់ឮពេញបរិយាកាស។

ស្ត្រីម្នាក់ឈ្មោះម៉ៃស៊ូន ឡាប៊ូត មកពីទីក្រុងដារ៉ា ទីក្រុងភាគខាងត្បូងស៊ីរីដែលបានក្លាយជាមជ្ឈមណ្ឌលនៃការតវ៉ាប្រឆាំងរបបនៅដើមបដិវត្តន៍អារ៉ាប់ស្ព្រីង និងបានទទួលរងនូវការឆ្លើយតបដ៏ឃោរឃៅពេញទំហឹងរបស់អាសាដ នៅពេលគាត់បានចាប់ផ្តើមបង្ក្រាបដែលបានធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលអស់រយៈពេល១៣ឆ្នាំ។

ឡាប៊ូតកំពុងស្វែងរកបងប្រុសបីនាក់ និងកូនប្រសារបស់នាង។ នាងនិយាយដោយដកដង្ហើមញាប់ និងរំជើបរំជួល។

“ផ្នែកក្រហមនៃពន្ធនាគារ ពួកគេបានព្យាយាមអស់រយៈពេលជាច្រើនថ្ងៃដើម្បីទៅដល់វា” នាងបានប្រាប់ CNN។ “គ្មានអុកស៊ីហ្សែនទេព្រោះប្រព័ន្ធខ្យល់ចេញ ដូច្នេះនៅចុងបញ្ចប់ពួកគេទាំងអស់អាចនឹងស្លាប់។ សូមជួយពួកគេ ដើម្បីអាល់ឡោះ។”

  • ការស្វែងរកដោយអស់សង្ឃឹមដែលជំរុញដោយការភ័យខ្លាច

នេះគឺជាព័ត៌មានចចាមអារ៉ាមដែលបានជំរុញឱ្យហ្វូងមនុស្សនៅថ្ងៃចន្ទ – គំនិតដែលថានៅកន្លែងណាមួយក្នុងសៃដនាយ៉ាមានបន្ទប់ឃុំឃាំងដែលមិនទាន់រកឃើញដែលមានជនជាតិស៊ីរីដែលបាត់ខ្លួន។”

ប៉ុន្តែវាមិនទាន់ច្បាស់ថាតើតំបន់នេះមានពិតប្រាកដឬអត់នោះទេ ដែលបង្កើនការព្រួយបារម្ភថាអ្នកដែលត្រូវបានគេចាត់ទុកថាបាត់ខ្លួនប្រហែលជាមិនអាចរកឃើញឡើយ។

អង្គការស្ម័គ្រចិត្តការពារស៊ីវិលស៊ីរី ដែលគេស្គាល់ថាជាមួកសក្រោមសក្តិទាំងបានបញ្ជូនក្រុមពិសេសទៅកាន់ពន្ធនាគារ ដែលបានចោះនិងវាយបំបែកបេតុងកាលពីថ្ងៃចន្ទ។

ក្រុមអ្នកប្រយុទ្ធបះបោរបានស្រែកឲ្យមនុស្សស្ងៀមស្ងាត់ដើម្បីឲ្យអាចស្តាប់ឮសម្លេងអ្នកជាប់ឃុំដែលអាចជាប់គាំងនៅខាងក្នុង។ ហ្វូងមនុស្សបានស្ងៀមស្ងាត់ ហើយអ្នកខ្លះបានលុតជង្គង់ពេលរង់ចាំការបញ្ជាក់។ ឆ្កែហិតក្លិនបានជួយគាំទ្រ។ ប៉ុន្តែគ្មានរកឃើញច្រកចូលណាមួយឡើយ។

ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទក្រោយមក មួកសក្រោមសបានឱ្យដឹងថាពួកគេ “មិនបានរកឃើញភស្តុតាងនៃបន្ទប់ឃុំឃាំងសម្ងាត់ឬជាន់ក្រោមដីដែលមិនទាន់រកឃើញ” ឬ “តំបន់ដែលមិនទាន់បើកឬលាក់កំបាំងនៅក្នុងមន្ទីរឃុំឃាំង”។ ពួកគេបានឱ្យដឹងថាការស្វែងរកអ្នកទោសដែលអាចនៅក្នុងពន្ធនាគារបានបញ្ចប់ ហើយបានអំពាវនាវឱ្យមនុស្សនៅលើបណ្តាញសង្គមជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត។

សមាគមអ្នកជាប់ឃុំនិងអ្នកបាត់ខ្លួននៅពន្ធនាគារសាយដណាយ៉ា (ADMSP) បានឱ្យដឹងថាអ្នកទោសទាំងអស់ត្រូវបានដោះលែងត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ហើយថាការអះអាងអំពីអ្នកទោសជាប់គាំងក្រោមដីគឺ “គ្មានមូលដ្ឋាន” និង “មិនត្រឹមត្រូវ”។

លោក មុនីរ អាល់-ហ្វាគៀរ អតីតអ្នកទោសសាយដណាយ៉ា និងជាដៃគូស្ថាបនិកនៅ ADMSP បានប្រាប់ CNN ថាមន្ទីរឃុំឃាំងមានបន្ទប់ឃុំឃាំងក្រោមដីមួយកម្រិត ប៉ុន្តែលោកមិនជឿថាទំនងជាមានស្រទាប់លាក់កំបាំងនៅក្រោមនោះទេ។ អ្នកជាប់ឃុំប្រមាណ ៣០០០នាក់ត្រូវបានដោះលែងបន្ទាប់ពីការរំដោះទីក្រុងដាម៉ាស លោកបានប៉ាន់ប្រមាណ។

ប៉ុន្តែភាពអស់សង្ឃឹមរបស់ក្រុមគ្រួសារដែលស្វែងរកក្នុងពន្ធនាគារកាលពីថ្ងៃចន្ទ – ដោយរុករកឯកសារជាច្រើនដែលបានទុកចោល ប្រើពន្លឺទូរសព្ទក្នុងភាពងងឹត – ឆ្លុះបញ្ចាំងពីការឈឺចាប់នៃការរង់ចាំអស់រយៈពេលជាច្រើនឆ្នាំដោយគ្មានដឹងថាមានអ្វីកើតឡើងចំពោះមនុស្សជាទីស្រឡាញ់របស់ពួកគេក្នុងបន្ទប់ឃុំឃាំងតូចចង្អៀតនិងកខ្វក់នៃពន្ធនាគារសាយដណាយ៉ា។

ស្ត្រីម្នាក់បានលើករូបថតបងប្រុសរបស់គាត់ដែលថតកាលពី១២ឆ្នាំមុន វាសនារបស់គាត់មិនច្បាស់លាស់។ គាត់នឹងមានអាយុ៤២ឆ្នាំហើយឥឡូវនេះ គាត់បាននិយាយ។

“គាត់មានកូនស្រីពីរនាក់និងកូនប្រុសម្នាក់ដែលគាត់មិនដែលបានជួប។ យើងគ្រាន់តែចង់ដឹងថាគាត់ស្លាប់ឬនៅរស់។ អល់ឡោះប៉ុណ្ណោះដែលដឹង” គាត់បាននិយាយ។

អ្នកដែលទើបតែត្រូវបានដោះលែងថ្មីៗខ្លះបានជួបជុំជាមួយគ្រួសាររបស់ពួកគេដោយក្តីរំភើប – ប៉ុន្តែវាជាអារម្មណ៍លាយឡំក្រោយពីការជាប់ឃុំយូរ។

លោក សុហៃល់ ហាម៉ាវី អាយុ៦១ឆ្នាំ បានជាប់ពន្ធនាគារជាង៣ទសវត្សរ៍នៅពន្ធនាគារស៊ីរីផ្សេងៗ ហើយទីបំផុតបានត្រឡប់មកផ្ទះនៅភូមិឆេក្កា ភាគខាងជើងប្រទេសលីបង់កាលពីថ្ងៃចន្ទ។

“វាជាអារម្មណ៍ដ៏ស្រស់ស្អាតណាស់ ជាអារម្មណ៍ដ៏ស្រស់ស្អាតពិតប្រាកដមែន” លោក ហាម៉ាវី បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។ “ខ្ញុំបានរកឃើញថាក្តីស្រឡាញ់នៅតែមាន ហើយគ្រួសារក៏នៅតែមាន។”

ទោះយ៉ាងណា ការត្រឡប់មកផ្ទះវិញធ្វើឱ្យអតីតអ្នកទោសដឹងថាគាត់បានបាត់បង់ពេលវេលាជាច្រើនឆ្នាំ។

“ខ្ញុំមានចៅៗ ប៉ុន្តែខ្ញុំមិនដែលមានអារម្មណ៍ថាខ្លួនចាស់ទេរហូតដល់កូនស្រីរបស់កូនប្រុសខ្ញុំហៅខ្ញុំថា ‘តា'” លោក ហាម៉ាវី បាននិយាយ។ “នោះហើយពេលដែលខ្ញុំដឹងថាខ្ញុំបានបាត់បង់រយៈពេលយូរប៉ុណ្ណា។”

បញ្ជាក់៖ Michael Rios, Hira Humayan និង Lex Harvey អ្នកយកព័ត៌មាន CNN បានរួមចំណែកក្នុងការរាយការណ៍ពីរឿងនេះ។