ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ អនុវត្តតាមសារាចរណ៍ណែនាំបស់ក្រសួងមហាផ្ទៃ បទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំងនគរបាល ចុះផ្សព្វផ្សាយពីសារាចរណ៍ណែនាំលេខ: ០៧២ របស់ក្រសួងមហាផ្ទៃស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ គឺធ្វើដល់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជន ចំណតរថយន្ត ក្នុងភូមិសាស្រ្ត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងក្នុងភូមិសង្កាត់អូរអំបិល សង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចំនួន៦ ទីតាំង៖ ទីតាំងទី១-រង្វង់មូលព្រះម៉ែគ្រប់លក្ខណ៍,២-បេនឡានចាស់,៣-ផ្សារសិរីសោភ័ណ , ៤-ផ្សារចំការគរ ,៥-ផ្សារអូរអំបិល, ៦-សួនច្បារមានជ័យ ។
ជាមួយគ្នានោះដែរ ក៏បានផ្សព្វផ្សាយដល់អ្នកបើកបររថយន្ត និងម៉ូតូកង់ឥណ្ឌា(PassApp) ដែលមានបិទឡូហ្គោផ្សព្វផ្សាយល្បែងស៊ីសងនិងបានធ្វើការណែនាំឲ្យពួកគាត់បកចេញ មាន ម៉ូតូកង់បីឥណ្ឌាចំនួន១៨គ្រឿង។
លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបច្ចេកវិទ្យា បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងនគរបាលយើងបន្តធ្វើដូចភ្លៀងរលឹម និងធ្វើទូទាំងខេត្ត៕